ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ជញ្ជ្រាំងស្រែរបស់ប្រជាពលរដ្ឋប្រមាណ៤ហិចតាត្រូវបានភ្លើងឆេះសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យបាញ់ប្រមាណមួយម៉ោង ទើបគ្រប់គ្រងស្ថានការណ៏បានដោយមិនរាលដាលដល់ផ្ទះអ្នកភូមិដោយសមត្ថកិច្ចសង្ស័យក្មេងដុតជញ្ជ្រាំងលេង និងធ្វេសប្រហែស ពន្លត់មិនទាន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ១៥រោច ខែមាឃ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាបន្ទាប់ពីទទួលបានព័ត៌មានថា មានភ្លើងឆេះជញ្ជ្រាំងស្រែ ទើបកំលាំងសមត្ថកិច្ចនគរបាលក្រុងសហកាជាមួយកំលាំងកងរាជអាវុធក្រុង បាននាំគ្នាប្រញាប់ប្រញាលមកកន្លែងកើតហេតុ និងបាញ់ទឹកពន្លត់ប្រមាណ១ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បាន ។
ប្រភពបន្តថា ការអគ្គិភ័យនេះ មិនបណ្ដាលអោយមនុស្ស និងផ្ទះអ្នកភូមិរងគ្រោះថ្នាក់ និងខូចខាតទ្រព្យសម្បត្តិនោះទេ ដោយគ្រាន់តែឆេះជញ្ជ្រាំងស្រែរបស់អ្នកភូមិប្រមាណ៤ហិចតា ដោយមានរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងមួយគ្រឿង និងប្រើអស់ទឹកចំនួនមួយរថយន្តប៉ុណ្ណោះ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានបញ្ជាក់ថាមូលហេតុជាបឋមគឺដោយសារតែក្មេងៗដុតជញ្ជ្រាំងលេងចៃដន្យភ្លើងឆាបឆេះខ្លាំងពេកពន្លត់មិនទាន់ទើបបង្កការភ្ញាក់ផ្អើលតែម្ដង ៕ យឹមសុថាន