ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្ចាស់ផ្ទះរងរបួសសន្លប់ ខណៈប្រតាយប្រតប់ជាមួយចោរលួចសម្ភារ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៦ល្ងាចមានករណីអំពើលួចមានស្ថានទម្ងន់ទោសកើតឡើង ដោយជនមិនស្គាល់មុខបានយកកូនកាំបិតចាក់ស្ត្រីម្នាក់រងរបួសធ្ងន់ នៅត្រង់ចំណុចក្រុមទី១៤ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលធ្វើសកម្មភាពលួចសម្ភាររបស់ជនរងគ្រោះ ឈ្មោះយ៉ាន់ គឹមយៀត ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិ សង្កាត់ ខាងលើ ហើយក៏មានការប្រតាយប្រតប់គ្នាបណ្តាលឲ្យជនសង្ស័យយកកូនកាំបិតចាក់ទៅលើជនរងគ្រោះរងរបួសធ្ងន់ សន្លប់ស្តូក ។

តាមសមត្តកិច្ចជំនាញបានឲ្យដឹងថា សម្ភាររបស់ជនរងគ្រោះដែលបានបាត់បង់នោះ មិនទាន់ដឹងច្បាស់ ខណៈជនរងគ្រោះកំពុងសម្រាកព្យាបាលនៅពេទ្យ ។

សមត្ថកិច្ចជំនាញបានបន្តថា ករណីខាងលើ ផ្នែកជំនាញកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាបានហើយ ៕ ស សារ៉េត


ចែករំលែក៖