ខេត្តសៀមរាប៖ ភ្លើងប្រចណ្ឌធ្វើឲ្យជនសង្ស័យជាមេខ្លោងបានរៀប គម្រោងដោយជួលបក្ខពួកឲ្យតាមកាប់សម្លាប់បុរសម្នាក់ដែលជាសង្សារ មិត្តស្រីរបស់ខ្លួនបណ្ដាលឲ្យរបួសធ្ងន់ ។ ប៉ុន្តែត្រូវបានកម្លាំងនគរបាល ខេត្តសៀមរាបបើកការស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់បានចំនួន៣នាក់ ។
នគរបាលជំនាញខេត្តសៀមរាបបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង ដោយកម្លាំងនគរបាលក្រុងសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំសម្របសម្រួលពីលោកឧត្ដមសេនីយ៍ទោ ទិត្យណារ៉ុង ស្នងការនគរបាលខេត្ត និងលោកឧត្ដមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ស្នងការរងទទួលផែនការ ការងារព្រហ្មទណ្ឌ លោកព្រះរាជអាជ្ញា អម សាលាដំបូងខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាល ព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤នេះថាកម្លាំងនគរបាលជំនាញបានប្រឹងប្រែងស្រាវជ្រាវអស់រយៈពេល ១០ថ្ងៃពេញទើបបំបែកករណីនេះឈានដល់ការចាប់ខ្លួនទទួលជោគជ័ យទាំងស្រុងដោយការចាប់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖ ១ -ឈ្មោះ យ៉ុន សាវៀត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងភ្លើងរស់នៅ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ខេត្តសៀមរាប (មេខ្លោង) ។ ២ -ឈ្មោះ ហ៊ាន វីណៃ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ស្រះស្រង់ខាងជើង សង្កាត់នគរធំ ខេត្តសៀមរាប ។ ៣-ឈ្មោះ ជៀក ប៊ុនណា ភេទប្រុស អាយុ ១៧ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ។
លោកបន្តថាអង្គហេតុកាលពីថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១៥ និង៤០ នាទី នៅក្បែររបងជ្រុងខាងលិចនៃសាលាវិទ្យាល័យអង្គរ ស្ថិតនៅក្រុមទី៧ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាបមាន ករណីឃាតកម្ម គិតទុកជាមុនដោយជនរងគ្រោះ ឈ្មោះ សោ ស៊ាវ គាង ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ខេត្ត សៀមរាប ត្រូវបានគណនេយ្យហ្វេសប៊ុកឈ្មោះ Srey oun ផ្ញើរសារកុម្ម៉ង់ ទិញជ្រក់ជើងមាន់ហើយឲ្យជនរងគ្រោះយកជ្រក់ជើងមាន់ទៅឲ្យនៅ កន្លែងកើតហេតុខាងលើព្រមទាំងផ្ញើរសារលេខទូរសព្ទ០៩២ ៩៤ ៥២ ០៣ ឲ្យជនរងគ្រោះរួចប្រាប់ថាពេលទៅដល់ ឲ្យជនរងគ្រោះទាក់ទង លេខនេះ ។
បន្ទាប់មកជនរងគ្រោះក៏បានទៅដល់កន្លែងកើតហេតុ ហើយតេប្រាប់លេខខាងលើក៏ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពុំមានស្លាកលេខ កាំបន្ទះពណ៌ខ្មៅ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសដាច់ចំកញ្ចឹងកររួមទាំងរបួសដាច់ត្រង់ដើមដៃ និង ត្រង់ប្រអប់ដៃខាងឆ្វេងហូរឈាមជាខ្លាំង ។ ក្រោយពីធ្វើសកម្មភាពហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនរីឯជនរងគ្រោះត្រូវបានអ្នកដំណើរជួយ ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
បន្ទាប់ពីទទួល បណ្ដឹងពីឈ្មោះសោ ស៊ាវប៉ាវ ភេទប្រុសអាយុ៣៩ឆ្នាំដែលត្រូវជាឪពុក ជនរងគ្រោះរួចមកយើងក៏បានចុះទៅកន្លែងកើតហេតុព្រមទាំង ស្រាវជ្រាវរកមុខសញ្ញា ។ នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២០ក៏បាននាំជនសង្ស័យឈ្មោះ យ៉ុន សាវៀត ដែលជាអតីតសង្សាររបស់សង្សារជនរងគ្រោះយកមកសួរនាំក្រោយពីសួរនាំជនសង្ស័យខាងលើបានឆ្លើយថា ខ្លួនមិនដឹងរឿងអ្វីទាំងអស់តែជនសង្ស័យនេះបានលុបឯកសារមួយចំនួនក្នុងទូរសព្ទក្នុងកំឡុងថ្ងៃកើតហេតុហើយយើងក៏បានឲ្យគ្រួសារជនសង្ស័យធានាជនសង្ស័យបណ្ដោះអាសន្នសិន ។
លោកបន្ថែមថា ដោយឡែកនៅទី២១ខែកុម្ភៈឆ្នាំ២០២០យើងក៏បានស្រាវជ្រាវរកឃើញ មុខសញ្ញាដែលជាជនសង្ស័យឈ្មោះជៀក ប៊ុនណា ហើយយកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានសារភាពថានៅថ្ងៃកើតហេតុខ្លួនពិតជាបានធ្វើសកម្មភាពជាមួយជនសង្ស័យឈ្មោះហ៊ាន វីណៃ ដោយខ្លួន ជាអ្នកបើកម៉ូតូហើយឈ្មោះ ហ៊ាន វីណៃជាអ្នកជិះពីក្រោយធ្វើ សកម្មភាពកាប់ទៅលើជនរងគ្រោះដោយការប្រព្រឹត្តសកម្មភាពខាងលើ ។ ជនសង្ស័យទាំងពីរនាក់ទទួលបានប្រាក់ចំនួន១០០ដុល្លារពី គណនេយ្យហ្វេសប៊ុកឈ្មោះ Srey oun ។
បន្ទាប់មកយើងក៏បានស្រាវជ្រាវស្វែងរកជនសង្ស័យឈ្មោះហ៊ាន វីណៃ ឃើញហើយនាំខ្លួនយកមកសួរនាំក្រោយពីសួរនាំជនសង្ស័យនេះបាន ឆ្លើយថាកាលពីកំឡុងខែធ្នូ ឆ្នាំ ២០១៩ ខ្លួនមានមិត្តភក្តិក្នុងភូមិឲ្យពឹង ជួយវ៉ៃមនុស្សម្នាក់តែខ្លួនមិនវ៉ៃទេហើយខ្លួនក៏បាននិយាយរឿងប្រាប់ទៅ ជនសង្ស័យឈ្មោះ យ៉ុន សាវៀត ហើយជនសង្ស័យឈ្មោះ យ៉ុន សាវៀតក៏បាននិយាយទៅកាន់ខ្លួនថាបើមានអ្នកណាជួលឲ្យធ្វើអីក៏ធ្វើទៅ ក្រែងបានលុយចាយលុះរំលងបានពីរទៅបីថ្ងៃក៏មានគណនេយ្យហ្វេស ប៊ុក ឈ្មោះ Jea ka បានផ្ញើសារឲ្យខ្លួនដោយសរសេរថា ឲ្យខ្លួនកាប់មនុស្ស ប្រុសម្នាក់ជាសិស្សរៀននៅសាលាIQ ព្រមទាំងប្រាប់ជនសង្ស័យនូវស្លា កលេខម៉ូតូជនរងគ្រោះ និងរូបថតជនរងគ្រោះផងដែរក្នុងតម្លៃ១០០០ ដុល្លារហើយខ្លួនក៏ព្រមធ្វើរួចក៏ប្រាប់រឿងទៅឈ្មោះ យ៉ុន សាវៀតពេលនោះឈ្មោះយ៉ុន សាវៀតក៏បានជំរុញឲ្យជនសង្ស័យពន្លឿនធ្វើ សកម្មភាពខាងលើលុះដល់ថ្ងៃកើតហេតុគណនេយ្យហ្វេសប៊ុកឈ្មោះ Jea ka ក៏បានផ្ញើសារដោយសរសេរថារូបគេ ( ឈ្មោះ Jea ka) បានណាត់ជនរងគ្រោះឲ្យយកជ្រក់ជើងមាន់ទៅឲ្យនៅកន្លែងកើតហេតុដោយប្រាប់ លេខទូរសព្ទ០៩២ ៩៤ ៥២ ០៣ ជាលេខរបស់ខ្លួនទៅជនរងគ្រោះពី កន្លែងជួបយកជ្រក់ជើងមាន់បន្ទាប់មកខ្លួនក៏ជិះម៉ូតូជាមួយឈ្មោះជៀក ប៊ុន ណា ដោយខ្លួនជិះពីក្រោយ រីឯ ឈ្មោះជៀក ប៊ុន ណា ជាអ្នកបក ម៉ូតូរួចមកជនរងគ្រោះក៏បានតេមកខ្លួនហើយខ្លួនក៏នាំគ្នាជិះតាមពីក្រោយជនរងគ្រោះដល់ចំណុចកើតហេតុខ្លួនក៏ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ចំកញ្ចឹងក និងកាប់ចំដើមដៃខាងឆ្វេង និងអូសដល់ ប្រអប់ដៃ ។
ក្រោយពីធ្វើសកម្មភាពហើយខ្លួនជាមួយបក្សពួកក៏បាននាំគ្នាជិះគេចខ្លួនព្រមទាំងដោះអាវ និងមួកការពាររួមទាំងកាំបិតចោលនៅ ម្តុំលូទឹកស្អុយក្នុងភូមិវិហារចិនសង្កាត់ស្វាយដង្គំក្រុងសៀមរាប ។
បន្ទាប់មកជនសង្ស័យបានបោះចោលស៊ីមកាតលេខទូរសព្ទ០៩២៩៤ ៥២០៣ មិនចាំទីតាំងហើយខ្លួនក៏ទាក់ទងទៅគណនេយ្យហ្វេសប៊ុក ឈ្មោះ Jea ka ហើយប្រាប់ពីដំណើររឿងដែលខ្លួនធ្វើបានសម្រេចព្រមទាំង សួររកប្រាក់ដែលម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះJea ka ថាឲ្យពួកខ្លួន ចំនួន១០០០ ដុល្លារ ។ ក្រោយពីប្រាប់រួចគណនេយ្យហ្វេសប៊ុកឈ្មោះ Jea ka បានបិទឈប់ប្រើការមកទល់ពេលនេះ ។
បន្ទាប់មកយើងក៏បាននាំជនសង្ស័យឈ្មោះ យ៉ុន សាវៀត មកសួរនាំក្រោយពីជនសង្ស័យបានឆ្លើយ ថាខ្លួនពិតជាដឹងរឿងហេតុដែលបានកើតឡើងទៅលើជនរងគ្រោះ ហើយខ្លួនក៏បានឲ្យឈ្មោះហ៊ានវីណៃ លុបសារទាំងអស់ដែលផ្ញើ ជាមួយគណនេយ្យហ្វេសប៊ុកឈ្មោះ Jea ka ចេញទាំងអស់នៅទីបំផុតជនសង្ស័យឈ្មោះ យ៉ុន សាវៀត បានសារភាពថាខ្លួន គឺជាមេខ្លោងរៀប គម្រោងសម្លាប់បុរសដែលជាសង្សាររបស់មិត្តស្រីរបស់ខ្លួន និងបានជួល បក្សពួក ក្នុងតម្លៃ១០០០ ដុល្លារ ឲ្យជួយតាមសម្លាប់ ។
បន្ទាប់មកកម្លាំងនគរបាលជំនាញបាននាំជនសង្ស័យទៅចង្អុលកន្លែង កើតហេតុ និងទៅចង្អុលកន្លែងចោលវត្ថុតាងចាប់យកកាំបិតដែលកាប់ ជនរងគ្រោះបានផងដែរ ។ ជនសង្ស័យឈ្មោះ ហ៊ាន វី ណៃ មានផ្ទុកសារធាតុញៀនក្នុងខ្លួន ។ នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២០នេះកម្លាំង នគរបាលព្រហ្មទណ្ឌខេត្តសៀមរាបកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទាំង៣នាក់ទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី