ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូប២នាក់ត្រូវសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីឆក់កាបូបស្ពាយពីស្ត្រីម្នាក់កំពុងដើរលើចិញ្ចើមផ្លូវមិនបានសម្រេច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ៥៩២ ខាងមុខវិទ្យាល័យឥន្ទ្រទេវី ស្ថិតសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ទី ១/ឈ្មោះ ស៊ុន ថាស័ក្ដិសិទ្ធិ អាយុ ២០ ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ២/ឈ្មោះ ជា តូច អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទាប់ជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានបើកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1ID-5786 ឌុបគ្នាតាមបណ្ដោយផ្លូវលេខ៥៩២ ខណ:មកដល់ចំណុចបាមធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់កំពុងដើរលើចិញ្ចើមផ្លូវប៉ុន្តែមិនបានសម្រេច ភ្លាមនោះក្រុមជនសង្ស័យព្យាយាមបើកម៉ូតូគេចខ្លួន តែត្រូវសមត្ថកិច្ចមូលដ្ឋានកំពុងល្បាតប្រទះឃើញបើកម៉ូតូដេញតាមពីក្រោយក្រុមជនសង្ស័យ រហូតជនសង្ស័យភ័យខ្លាំងពេកបានដួលម៉ូតូ នៅក្បែរផ្សារទំនប់ ហើយប្រជាជនពលរដ្ឋនាំគ្នាជួយចាប់ជនសង្ស័យនិងស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឲ្យរងរបួសបែកក្បាល ចំណែកជនរងគ្រោះចេញពីកន្លែងកើតហេតុមិនទៅដាក់ពាក្យបណ្ដឹងនោះទេ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសួរនាំចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖