ព័ត៌មានទាន់ហេតុការណ៍៖

លេងសើចក្លាយជាទុក្ខ បុរសម្នាក់ដាល់ក្បាលពោះជនសង្ស័យលេង២ដៃ ធ្វើឲ្យជនសង្ស័យខឹងទាញកាំបិតផ្គាក់កាប់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានទាញកាំបិតផ្គាក់កាប់ទៅលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២០ និង៤០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ (សព) ឈ្មោះ វ៉ន វិសាល ហៅ អង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរប្រជាការពារ ទីលំនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យម្នាក់ ឈ្មោះ សេង ស៊ុនហី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងនោះក៏ចាប់យកវត្ថុតាង មាន៖ កាំបិតផ្គាក់ដងឫស្សីប្រវែង៧០សង្ទីម៉ែត្រចំនួន០១ដើម ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២០ និង៤០នាទី មានករណី ឃាតកម្ម កើតឡើងត្រង់ចំណុចខាងមុខផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យឈ្មោះ សង ស៊ុនហី ភេទប្រុស អាយុ១៩ឆ្នាំ កំពុងតែអង្គុយផឹកស្រាបៀរអាន់ឆ័រចំនួន០៣កំប៉ុងនៅលើគ្រែមុខផ្ទះ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយជនរងគ្រោះឈ្មោះ វ៉ន វិសាល ហៅ អង ភេទប្រុស អាយុ៣០ឆ្នាំ ដែលមានផ្ទះចំងាយពីផ្ទះជនសង្ស័យប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិក្រពើទ្រោមដែរ បានទៅនិយាយលេងសើច និងដាល់ក្បាលពោះជនសង្ស័យលេងចំនួន០២ដៃ រួចជនសង្ស័យ ខឹងក៏បានស្ទុះទៅយកកាំបិតផ្គាក់ដងឫស្សីប្រវែង៧០សង់ទីម៉ែត្រ ពីកៀនផ្ទះជនសង្ស័យមកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន០៤កំាបិត ត្រូវចំក្បាលខាងស្តាំចំនួន០១កាំបិត , ក្បាលខាងឆ្វេងសៀតផ្កាចំនួន០១កាំបិត និងក្បាលខាងក្រោយ ចំនួន០២កាំបិតរងរបួសធ្ងន់ធ្ងរ ហើយសមត្ថកិច្ចក៏បានចុះទៅជួយអន្តរាគមន៍នាំជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនៈ ក្រុងតាខ្មៅ ខេត្តកណ្តាល និងឃាត់ខ្លួនជនសង្ស័យខាងលើ រួម និងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសតាមច្បាប់ ។

ចំណែកជនរងគ្រោះពេលទៅដល់មន្ទីរពេទ្យបានបាត់បង់ជីវិត រួចឈ្មោះ ប៉ាន់ កល្យាណ ភេទស្រី អាយុ៣៤ឆ្នាំ (ប្រពន្ធរបស់ជនរងគ្រោះ) បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕ ភារ៉ា ដង្កោ


ចែករំលែក៖