ព័ត៌មានទាន់ហេតុការណ៍៖

បើថ្នាក់លើដកតំណែងលោកផ្កាយ២ ភ្លន់ តារា រឿងលួចលក់ដីអង្គភាពទំហំ ១៥០ហិកតា ជាគំរូកំណែទម្រង់លើជនពុករលួយ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលសម្តេចតជោ ហ៊ុន សែន មានការកំណែទម្រង់រដ្ឋបាលលើគ្រប់ស្ថាប័នប្រកបដោយសក្តានុពល និងធ្វើអោយមន្ត្រីធំៗមួយចំនួន ដែលស្ពឹកស្រពន់ ភ្ញាក់ខ្លួន ខណៈខ្វះការទទួលខុសត្រូវ ចំពោះភារកិច្ច តួនាទីរបស់ខ្លួន។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមានការកែសម្រួលគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ ដោយសារតែកន្លែងខ្លះមានភាពស្ពឹកស្រពន់។
ថ្មីនេះលោកផ្កាយ២ ភ្លន់ តារា មេបញ្ជាការរង យោធភូមិភាគទី៥ អតីតមេយោធាខេត្តបន្ទាយមានជ័យ បានយកដីអង្គភាព ១៥០ហិកតា លក់អោយឈ្មួញនៅស្រុកភ្នំស្រុក មិនត្រឹមតែត្រូវបានបែកធ្លាយប៉ុណ្ណោះទេ ក្នុងនោះខាងអធិការកិច្ចចុះស្រាវជ្រាវរកឃើញពីកំហុសពុករលួយនេះ ហើយលោកផ្កាយ២ ភ្លន់ តារា ក៏បានសារភាពថាខ្លួន ពិតជាបានយកដីរដ្ឋនោះមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងលក់អោយឈ្មួញ ដើម្បីយកលុយមកទូទាត់ដែលខ្លួនបានជំពាក់បំណុល អង្គភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កាលគាត់នៅគ្រប់គ្រងតំណែងលើទឹកប្រាក់ចំនួន៤មុឺនដុល្លារ។
ប្រភពព័ត៌មានគួរអោយជឿទុកចិត្តបានបង្ហើបថា៖ នៅចំពោះមុខក្រុមអធិការកិច្ចធ្វើកំណត់ហេតុស្តាប់ចម្លើយ លោកផ្កាយ២ ភ្លន់ តារា បានសារភាពថាខ្លួនបានលក់ដីអង្គភាពទំហំ១៥០ហិតា ស្ថិតនៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នោះមែន ដោយលោក ភ្លន់ តារា បានយកហេតុផលថា ការលក់នេះមានការឯកភាពពីមេបញ្ជាការរង យោធាខេត្តទាំងអស់ និងនាយៗទាហាន ប៉ុន្តែកត្តាជាក់ស្តែង មេបញ្ជាការរងៗ យោធាខេត្តបន្ទាយមានជ័យបានបដិសេធន៍ មិនដឹងឮពីគំនិតលោកផ្កាយ២ ភ្លន់ តារា យកដីអង្គភាពលក់នោះឡើយ។
យ៉ាងតិចមានឈ្មួញចំនួន៨នាក់ ដែលលោកផ្កាយ២ ភ្លន់ តារា បានយកដីរដ្ឋនោះទៅលក់អោយ តាំងពីអំឡុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ហើយប្រមូលប្រាក់អស់ក្នុងឆ្នាំ២០១៨។ ក្នុងនោះគ្រាន់តែឈ្មោះ ហូង ធុល ម្នាក់បានទិញដីរដ្ឋពីលោក ភ្លន់ តារា សរុបជាទឹកប្រាក់ចំនួន១៥៤៧៥២$(ដប់ប្រាំមុឺនបួនពាន់ប្រាំពីររយហាសិបពីរដុល្លារ) ហើយទូទាត់ប្រាក់អោយលោក ភ្លន់ តារា ចំនួន៤លើក និងបញ្ចប់នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥។
នាយៗទាហានបានបង្ហើបថា៖ មុនការលក់ដី និងកំពុងលក់ដីអង្គភាពទំហំ ១៥០ហិកតានេះ លោក ភ្លន់ តារា អតីតជាមេយោធាខេត្តបន្ទាយមានជ័យ បានប្រើអំណាចជាមេអង្គភាព អោយពួកគាត់ទទួលស្គាល់ថាដីនោះ ជាដីកម្មសិទ្ធផ្ទាល់ខ្លួនរបស់គាត់(ភ្លន់ តារា) តែនាយៗទាហានមិនធ្វើការបកស្រាយ ឬប្រឆាំងភាពអត្តនោម័តពីលោក ភ្លន់ តារា នោះទេ គឺនៅស្ងៀម ស្មើនឹងអោយលោក ភ្លន់ តារា ដើរចូលអន្ទាក់ច្បាប់ដោយខ្លួនឯងទៅចុះ។
នាយៗទាហានបានបន្តថា៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ លោក ភ្លន់ តារា បានលើកឡើងក្នុងអង្គប្រជុំថា៖ កន្លងមកគាត់បានយកឈ្មោះអង្គភាពប្រើដើម្បីស្នើសុំដីទៅអាជ្ញាធរខេត្តចំនួន១៥០ហិកតា ស្ថិតនៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែគាត់សំណូមពរអោយទាហានក្នុងអង្គភាពយោគយល់ សូមបង្វែរដីនេះមកជាកម្មសិទ្ធរបស់គាត់ផ្ទាល់ ហើយគាត់ធានាដោះស្រាយបំណុល ដែលជំពាក់ហិរញ្ញវត្ថុកន្លងមកចំនួន៤មុឺនដុល្លារ។
បញ្ហានេះគេកំពុងឆ្ងល់ថា៖ ហេតុអីក៏អង្គភាពតំបន់ប្រតិបត្តិការរងបន្ទាយមានជ័យ ជំពាក់បំណុលលោក ភ្លន់ តារា ជាអតីតមេអង្គភាព ហើយមានឯកសារអីខ្លះបង្ហាញថាជំពាក់បំណុល បានជាលោក ភ្លន់ តារា យកដីរដ្ឋលក់ទូទាត់..?
មួយរយៈនេះតាមដំណឹងថា មានប្រជាពលដ្ឋដែលទិញដីពីលោកផ្កាយ២ ភ្លន់ តារា បានព្យាយាមមកទារលុយវិញដល់ភូមិគ្រឹៈ លោក ភ្លន់ តារា ខណៈពួកគាត់ដឹងថា ចាញ់បោកលោកផ្កាយ២រូបនេះ បានយកដីរដ្ឋមកលក់អោយ ហើយអាជ្ញាធរ និងខាងជំនាញភូមិបាលមិនចុះបញ្ជីដីធ្លីអោយនោះ។ ទោះជាយ៉ាងណា លោកផ្កាយ២ ភ្លន់ តារា មិនព្រមចេញមកជួប បានត្រឹមតែភរិយាចេញមក នឹងសំណូមពរអោយប្រជាពលរដ្ឋកុំប្តឹង គាត់នឹងសងលុយវិញ បើអ្នកណាប្តឹងឬតវ៉ា គាត់មិនសងលុយវិញឡើយ។
លោកផ្កាយ២ ភ្លន់ តារា អង្គភាព នគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានឡើយមួយរយៈនេះ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែមានដំណឹងមិនផ្លូវការថា លោក ភ្លន់ តារា បានព្យាយាមស្វែងរកការអន្តរាគមន៍ពីថ្នាក់លើ ដើម្បីទប់ទល់អំពើល្មើសច្បាប់នេះ បញ្ជៀសពីការជាប់ពិរុទ្ធទោសទណ្ឌ។
លោក សេង គី អតីតអភិបាលស្រុកភ្នំស្រុក បានប្រាប់អង្គភាព «នគរវត្ត»កន្លងទៅថា៖ សូមអ្នកសារព័ត៌មាន មើលឯកសារទៅ ករណីខ្ញុំបានចុះហត្ថលេខានោះ គឺក្នុងនាមប្រគល់ដីអោយអង្គភាពសឹករងខេត្ត ដោយដីនេះជាដីរបស់រដ្ឋ គ្រប់គ្រងដោយខេត្ត ហើយអង្គភាពសឹករងខេត្តបន្ទាយមានជ័យ ក៏ជាអង្គភាពរបស់រដ្ឋ ទើបខ្ញុំហ៊ានចុះហត្ថលេខា។ លោកអភិបាលស្រុកបន្តថា៖ បើកាត់អោយឯកជនវិញ កុំថាឡើយដល់ទំហំដីជាង១០០ហិកតា សូម្បីតែ១ហិកតា ក៏ខ្ញុំមិនហ៊ានចុះហត្ថលេខាដែរ ព្រោះជាដីរដ្ឋ ហើយចុះហត្ថលេខាជាបទល្មើសព្រហ្មទណ្ឌ។

លោកឧត្តមសេនីយ៍ ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានទទួលស្គាល់ថា ដី១៥០ហិកតា ដែលស្ថិតនៅភូមិត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាដីអង្គភាពកងទ័ពពិតប្រាកដមែន កាលនោះលោកជាកូនចៅមិនហ៊ានតវ៉ាទេ ខ្លាចមេចោទប្រកាន់ថាគាត់ប្តឹងកកាយមេរឿងលក់ដីអង្គភាពនេះ។
លោកឧត្តមសេនីយ៍ ជឹម ប៊ុនអាន តាមទូរស័ព្ទជាមួយអង្គភាព «នគរវត្ត» បានបញ្ជាក់ថា៖ រឿងនេះឃើញថ្នាកលើបានចុះមកស្រាវជ្រាវហើយប៉ុន្មានថ្ងៃនេះ ខ្ញុំក៏បានឆ្លើយប្រាប់ផងដែរថា ដីនេះជាដីអង្គភាព តំបន់ប្រតិបត្តិសឹករង បន្ទាយមានជ័យ ចំពោះបុគ្គលយកទៅលក់អោយឯកជន ជារឿងរបស់គាត់ ដោយសារសម័យនោះខ្ញុំជាកូនចៅគ្មានសិទ្ធ។ លោកបន្តថា៖ ថ្នាក់លើបន្តពីខ្ញុំទៀតបានធ្វើអធិការកិច្ច ខ្ញុំបានត្រឹមតែចាំឆ្លើយប៉ុណ្ណោះ បន្ទាប់ពីខាងយោធភូមិភាគទី៥កំពុងសើរើចុះធ្វើអធិការកិច្ច។
លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ យោធភូមិភាគទី៥ បានអោយដឹងថា៖ ខ្ញុំបានបង្កើតគណៈកម្មការរួចហើយ បន្ទាប់ពីទទួលដំណឹងថា លោក ភ្លន់ តារា ត្រូវបានគេផ្សព្វផ្សាយ និងថ្នាក់តម្រូវអោយពិនិត្យឡើងវិញ រឿងយកដីអង្គភាពលក់អោយឯកជន។
ដោយឡែក លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៥ បានអោយដឹងផងដែរថា៖ ការចុះធ្វើអធិការកិច្ចរបស់ក្រុមគណៈកម្មការ រកឃើញមិនខុសពីការចុៈផ្សាយរបស់ អង្គភាព នគរវត្ត នោះទេ ប៉ុន្តែជាគោលការណ៍បន្តរកអោយឃើញពីឈ្មោះអ្នកណាខ្លះបានឯកភាព ចូលរួមលក់ដីរដ្ឋនេះ ក្នុងការស្រាវទាំងពីមន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ ដើម្បីជាភស្តុតាងដ៏លម្អិតរឿងលក់ដី១៥០ហិកតា ឈានដល់ការស្រាវជ្រាវបញ្ចប់រៀបចំឯកសារច្បាស់លាស់តាមបែបបទរដ្ឋបាល ដើម្បីដាក់ជូនលោកឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចាត់ការបន្តតាមនីតិវិធី។
សូមរម្លឹកថា៖ អំពើពុករលួយដ៏ធំ ប្រព្រឹត្តដោយលោកផ្កាយ២ ភ្លន់ តារា រឿងយកដីអង្គភាពទំហំ ១៥០ហិកតា លក់អោយឈ្មួញ មិនត្រឹមតែប្រឈមនឹងការដកតំណែង, ករណីយកប្រាក់បង្វិលសងប្រជាពលរដ្ឋវិញ, ប្រគល់ដីជូនអង្គភាពសឹករងខេត្តវិញ, ឬរងនូវការដាក់វិន័យល័ក្ខន្តិកៈកងទ័ពប៉ុណ្ណោះទេ ។ គេមានជំនឿថា៖ អង្គភាពប្រឆាំងអំពើពុកលួយ នឹងចាត់ការស្រាវជ្រាវក្នុងរឿងនេះ ដោយយកចិត្តទុកដាក់បំផុត ខណៈលោក ភ្លន់ តារា មានភាពមិនប្រក្រតីក្នុងការដឹកនាំ ពុករលួយបំផុត

 

ដោយ៖ សុខ ខេមរា


ចែករំលែក៖