ព័ត៌មានទាន់ហេតុការណ៍៖

សេដ្ឋកិច្ច ពាណិជ្ជកម្ម​ យោធា និង ការអូសទាញឥណ្ឌាឲ្យឆ្ងាយពីចិន ជាគោលដៅក្នុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌារយៈពេល ពីរថ្ងៃ គឺនៅថ្ងៃទី​២៤ និង​២៥ ​ខែកុម្ភៈ ដើម្បីពិភាក្សា​លើបញ្ហាសំខាន់​ៗ នៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ ។

តាមគម្រោងប្រទេសទាំងពីរ​ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ជាង​៣ពាន់លានដុល្លារ​ ក្នុងវិស័យការពារជាតិ ​ក្នុងនោះអាមេរិក នឹងផ្តល់អាវុធទំនើបៗជាច្រើន ដល់ឥណ្ឌា ។ ​យោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៤ ខែកុម្ភៈ បានឲ្យដឹងថា បន្ទាប់ពីមកដល់រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ លោកត្រាំ បានថ្លែងសន្ទរកថាមួយ នៅទីក្រុង Motera ។

លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​បាន​ជ្រើសរើស​ធ្វើ​គារវកិច្ច​ទទួល​លោក​ត្រាំ នៅក្រុង​អាមេដាបាដ រដ្ឋ Gujarat​ ដែល​លោក​មូឌី ធ្លាប់​ជា​អភិបាល​ ជាង​១០​ឆ្នាំ (២០០១-២០១៤) ។ សិល្បករ ​៣ពាន់​នាក់​បាន​មកសម្តែង​ទស្សនីយភាព រាំ​ស្វាគមន៍​លោក​ត្រាំ នៅ​ចំពោះ​មុខ​មនុស្ស​ជាង ១១ម៉ឺន​នាក់ ក្នុង​ស្តាត​គ្រីកេដ៏​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក ទើប​សាង​សង់​រួច ​ និង​ជា​កិច្ចបើក​សម្ពោធស្តា​​តនេះ​ផង ។

ការទទួល​ស្វាគមន៍​ មាន​លក្ខណៈ​អធិកអធម​ខ្លាំងណាស់ ។ មុន​កម្មវិធីទទួល​នៅ​ស្តាត មាន​ការ​​ដង្ហែ​ក្បួន​សិល្បៈ ២៨​ក្រុម​ ជា​ច្រើន​គីឡូម៉ែត្រ តាម​គំរូ​ពិធី​ព្យុះហយាត្រា​ថ្ងៃ​បុណ្យ​ជាតិ​តែ​ម្តង ។ លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ទទួល​លោក​ត្រាំ ដូច​អ្វី​ដែល​អាមេរិក​បាន​ទទួល​លោក នៅ​Houston កាលពី​ខែ​តុលាឆ្នាំ ២០១៩ ។ លោក​ម៉ូឌី បាន​យកការ​ទទួលលោកត្រាំ ​ និង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅអាមេរិក ដើម្បី​បង្ហាញ​សាធារណជន​ឥណ្ឌា​​ថា ​ប្រមុខ​ដឹកនាំ​ឥណ្ឌា​ស្និទ្ធ​និង​លោកត្រាំ ។

ក្នុង​ចម្ងាយ​ផ្លូវ​២២​គីឡូម៉ែត្រ ​ពីព្រលាន​យន្តហោះ​មក​ដល់​កណ្តាល​ក្រុង ផ្លូវថ្នល់​ ចិញ្ចើម​ថ្នល់ ត្រូវ​បាន​បោសសម្អាត លម្អដោយ​ផ្កាភ្ញី តំបន់​អនាធិបតេយ្យ​ត្រូវ​កៀរចេញ​ឬ​បិទ​បាំង ដោយ​ផ្ទាំង​គំនូរ​​ រូប​ប្រមុខ​ដឹកនាំទាំងពីរ​ និង​ ​ពាក្យ​ស្លោក “សូមស្វាគមន៍​​លោក​ត្រាំ” !

ពិធី​ស្វាគមន៍​ចប់ លោក​ត្រាំ និង​ភរិយា អញ្ជើញ​ទៅទស្សនាថ្ងៃ​លិច​នៅ​​វាំង​ Taj Mahal ដ៏​ល្បី​ល្បាញ​របស់​ឥណ្ឌា ដែល​នៅ​ទីនោះ​ក៏​មាន​បោស​ច្រាស​សម្អាត គ្មានគោ គ្មាន​ស្វា គ្មាន​ឆ្កែ​អនាថាតាម​ផ្លូវ​ទៀត​ទេ ។ សូម្បី​តែឆ្នេរ​ទន្លេ​ដែល​តាម​ទម្លាប់​គរទៅ​ដោយ​ ​សំរាម​ ក៏​ត្រូវ​បាន​កាយចេញ​អស់ ។

ចំណែក​សំណុំ​រឿង​សំខាន់ៗ ដូច​យ៉ាង​សំណុំ​រឿង​ពាណិជ្ជកម្ម ត្រូវ​បាន​ប្រមុខ​ដឹកនាំ​ទាំង​ពីរ​លើក​យក​មកជជែក​នៅ​រដ្ឋធានី​ ញូវដែលី ។ ​ដក​ខ្លួន​ចេញ​ពី​គម្រោង​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​សេរី ​១៦​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក នៅ​ចុង​ឆ្នាំ​២០១៩ ដោយមិន​ទុក​ចិត្ត​និង​ការ​ប្រកួត​ប្រជែង​របស់​ចិន​ ឥណ្ឌា​​ដែលក្នុង​មួយ​ខែៗ​​មាន​យុវជន​ប្រមាណ​មួយ​លាននាក់រៀន​ចប់ ​ចាំ​រក​ការងារ​ធ្វើ ​ចាំ​បាច់​ត្រូវ​ប្រឹង​ស្វែង​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​អាមេរិកណាស់ ។ ប៉ុន្តែ​អ្វីៗ​មិន​ស្រួល​ដូច​ការ​គិត​ទេ !

ក្រោយ​ពី​បាន​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ម៉ិចស៊ិក និងកាណាដា លោក​ត្រាំ ប្រកាស​ព្យួរ​ភាព​អនុគ្រោះ​ពិសេស​ជាមួយ​ឥណ្ឌា​តាំងពី​ថ្ងៃទី ៥ មិថុនា​២០១៩មក និង​ដើម្បី​ឲ្យ​មាន​លំនិង​ពាណិជ្ជកម្ម​ អាមេរិក​បាន​ដំឡើងពន្ធនាំ​ចូល​ដែកថែប​២៥% និង​អាលុយមីញ៉ូម ១០%ពី​ឥណ្ឌា ព្រម​ទាំង​បន្ត​បន្ទោស​ឥណ្ឌា​ថាមាន​នយោបាយ​ការពារតែ​​ប្រយោជន៍​សេដ្ឋកិច្ច​ខ្លួន​ឯង​ ។ ជាចម្លើយ​តប ឥណ្ឌា​ក៏​បាន​ដំឡើង​​ពន្ធ​នាំ​ចូល​ផលិតផល​អាមេរិក​មួយ​ចំនួន​វិញ ដើម្បីការពារ​ទីផ្សារ​ក្នុង​ស្រុក ។

ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឥណ្ឌា-អាមេរិក មាន​ទំហំ​ដល់​ទៅ ១៥០ពាន់​លានដុល្លារ នៅ​ឆ្នាំ​២០១៩ ប៉ុន្តែ​ជញ្ជីង​ពាណិជ្ជកម្ម​ហាក់​ផ្អៀង​ខ្លាំង​មក​ខាង​ឥណ្ឌា ( ២៣ពាន់​លាន) ។ លោក​ត្រាំ បាន​រំលើក​អំពីបញ្ហា​នេះ​ ជា​ថ្មី​ តាំងពី​មុន​ចេញដំណើរ​មក​ញូវដាលី ។

តាមការ​ពិត​ ប្រទេស​ទាំង​ពីរ បាន​ចាប់​ផ្តើម​​ចរចា​ពាណិជ្ជកម្ម​ តាំង​ពី​តែ​ពីដើម​ឆ្នាំ​២០១៨មក ប៉ុន្តែទំនង​ជា​គ្មាន​ឱកាស​បានលទ្ធផល​ភ្លាមៗ ឬ​ក្នុង​ពេល​នេះ​ទេ ។ គ្មាន​ទេ​កា​រចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទូទៅ​មួយ​ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​ត្រាំ​ថ្ងៃ​នេះ ព្រោះ​ ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​រវាង​មហាយក្ស​ទាំង​ពីរ នៅ​មាន​ឧបសគ្គ​ច្រើន​នៅឡើយ ។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ក្រុម​ប្រតិភូ​អាមេរិក ។

ថ្វីបើ​មាន​ការ​ស្មុគស្មាញ​ខ្លាំង​បន្តិច​លើ​វិស័យ​ពាណិជ្ជកម្ម តែ​ខាង​ផ្នែក​សហប្រតិបត្តិការ​យោធា​វិញ ទំនាក់ទំនង​អាមេរិក-ឥណ្ឌា រីក​លូតលាស់​ល្អ ។ អាមេរិក​បាន​ក្លាយ​ជា​ប្រទេស​អ្នក​ផ្គង់ផ្គង់​អាវុធ​លំដាប់​ទីពីរ​សម្រាប់​ឥណ្ឌា ។ លោក​ត្រាំ ត្រូវ​បង្ហើយ​កិច្ចព្រមព្រៀង​ទិញ​ឧត្ថម្ភាគចក្រ​យោធា​ជាមួយ​ឥណ្ឌា ។ ដៃគូ​​ទាំង​ពីរ​ ទំនង​ជា​និង​អាចត្រូវ​រ៉ូវ​គ្នា​លើ​ការ​ពង្រឹង​​ពង្រីក​ កា​រទិញ​សម្ភារៈ​យោធា​ ឧស្ម័ន​រាវ​របស់​អាមេរិក​ និ​ងកម្មវិធី​នុយក្លេអ៊ែរ អវកាស​ឬ​វិទ្យាសាស្ត្រ​ទៀត​ ។

ក្នុង​នាម​ជា​អ្នក​មាន​នយោបាយការពារ​តែ​ប្រយោជន៍​ជាតិ​ឯង​​ដូច​គ្នា អាមេរិក​របស់​លោក​ត្រាំ ក៏គ្មាន​ជម្រើស​អ្វីច្រើន ក្រៅ​ពី​ត្រូវ​ប្រឹង​​​រក្សា​ចំណង​ទំនាក់ទំនង​​ពិសេស-ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ឥណ្ឌាទេ ព្រោះកាលពីថ្ងៃទី ១១​កុម្ភៈ ហ្វីលីពីន​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​យោធា​យុទ្ធសាស្ត្រ​ជាមួយ​អាមេរិក​ ដូច្នេះ​ដើម្បី​ទប់​ទល់​​និង​ឥទ្ធិពល​របស់​ចិន នៅ​តំបន់​អាស៊ី អាមេរិក​ត្រូវ​ការ​ឥណ្ឌា​ជាង​ពេល​ណាៗ​ទាំង​អស់៕


ចែករំលែក៖