ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលគ្រឿងញៀន ប្អូនថ្លៃប្រុស វាយសម្លាប់បងថ្លៃស្រីនឹងចបកាប់ ស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្អូនថ្លៃប្រុសវាយសម្លាប់បងថ្លៃស្រី នឹងចបកាប់ដី បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១៣ និង ១៥នាទី ភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ជា សុផល ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ដែលមានប្តីឈ្មោះ សយ ស៊ីន អាយុ ៤៣ឆ្នាំ មានកូន ៤(បួន)នាក់ ។ រីឯជនបង្កមានឈ្មោះ សយ សួ ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះរស់នៅជាមួយគ្នានឹងជនរងគ្រោះ ។

តាមការបំភ្លឺពីប្តីជនរងគ្រោះដែលត្រូវជាបងបង្កើតជនបង្កបានបញ្ជាក់ថា៖ ប្អូនរបស់គាត់(ដែលជាជនបង្ក) ទើបតែមកពីភ្នំពេញបានបួនប្រាំថ្ងៃ គឺមានអការមិនប្រក្រតី គឺនិយាយមិនសូវដឹងខុសត្រូវ ចេះតែដើរមិនចូលផ្ទះ ។ មុនពេលកើតហេតុ ប្តីជនរងគ្រោះបានឌុបឪពុកទៅរកថ្នាំនៅម្តុំ វត្តប្រាសាទអណ្តែត បំណងទៅរកថ្នាំឲ្យប្អូនផឹក គឺចំងាយប្រហែល៣គីឡូម៉ែត្រ មុន នឹងទៅរកថ្នាំប្រពន្ធរបស់គាត់ (ដេកនៅក្រោមផ្ទះ) លុះត្រឡប់មកផ្ទះវិញឃើញប្រពន្ធដេកស្លាប់នៅលើគ្រែរក្រោមផ្ទះ ដោយឃើញស្នាមបែកលើក្បាលជាច្រើនកន្លែង ។

ក្រោយទទួលព័ត៌មានភ្លាមសមត្ថកិច្ចជំនាញខេត្ត និងស្រុក ព្រមទាំងពេទ្យមណ្ឌលសុខភាពបានចុះដល់ទីកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញមានស្លាកស្នាមរបួសជាច្រើនកន្លែងនៅចំណុចក្បាលលើផ្ទៃមុខ ។ វត្ថុតាងចាប់យកមានចបកាប់ដីចំនួន១ ។

តាមការសន្និដ្ឋានថាសមត្ថកិច្ចជំនាញបានឲ្យដឹងថា៖ ជនរងគ្រោះស្លាប់ បណ្ដាលមកពីការប៉ះទង្គិចនឹងវត្ថុរឹងចំក្បាល និងផ្ទៃមុខ ។ មូលហេតុ គឺបណ្តាលមកពីជនសង្សយ័មានសតិមិននឹងនរ ដោយមានសារធាតុញៀន(បែកថ្នាំ) ។

បច្ចុប្បន្នជនបង្កដែលត្រូវជាប្អូនថ្លៃជនរងគ្រោះត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយយើងបានបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖