ភ្នំពេញ ៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល សហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យដំណើរការបុកស៊ីផាយប្រឡាយបឹងត្របែក និងដាក់គ្រឿងចក្រកាយយកសំរាមចេញពីក្នុងប្រឡាយ ដែលកកស្ទះ ។
លោក ថេង សុថុល បានអោយដឹងថា ការចុះត្រួតពិនិត្យស្ថានភាពកាបុកស៊ីផាយប្រឡាយបឹងត្របែកនាពេលនេះ គឺក្នុងបំណងចង់ដឹងថា ក្រោយមានការយល់ព្រមចូលរួមរបស់ប្រជាពលរដ្ឋ ដែលរស់នៅលើមាត់ប្រឡាយ ព្រមរុះផ្ទះស្នាក់នៅចេញពីមាត់ប្រឡាយនេះ និងពិនិត្យថា តើមានអ្វីដែលរាំងស្ទះ ក្នុងនាមរដ្ឋបាលខណ្ឌចំការមនត្រូវដោះស្រាយភ្លាមៗ សំខាន់ធ្វើយ៉ាងណាអោយដំណើរការស្ថាបនាបុកស៊ីផាយ ស្ថាបនាប្រឡាយមានទាន់តាមគម្រោងរបស់សាលារាជធានី ។
ជាមួយគ្នានេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានប្រាប់ពីមូលហេតុ ដែលនាំអោយសំរាមកកស្ទះនេះ គឺដោយសារក្នុងប្រឡាយពុំមានទឹក ដែលអាចហូរនាំយកសំរាមដល់ស្ថានីយ៍បូមទឹក ដើម្បីកម្មករប្រមូលកើប ។ លោកបន្តថា ជាវិធានការ គឺយើងមិនបូមទឹកចេញទេ ទុកអោយទឹកជោជន់ឡើង ទើបយើងដាក់គ្រឿងចក្រចុះកាយប្រមូលសំរាមដឹកចេញតែម្តង ។
លោក ថេង សុថុល បានបញ្ជាក់ថា បើតាមគម្រោងការបុកស៊ីផាយប្រើរយៈពេលប្រមាណ២០ថ្ងៃប៉ុណ្ណោះ នឹងរួចរាល់ហើយ ស្មើចំងាយ ២៧១ម៉ែត្រ ។ លោកថា នេះជាជោគជ័យដ៏ធំមួយសម្រាប់ដំណើរការងារបុកស៊ីផាយ ដោយមិនប្រើរយៈពេលវែងទេ ព្រោះរហូតមកដល់ពេលយើងបានធ្វើរួចរាល់បាន ៦០ភាគរយហើយ ស្មើ ១៥៣ម៉ែត្រ ។ ស រស្មី