នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានថ្លែងថា៖ អរគុណសន្តិភាព ដោយសារនយោបាយឈ្នះឈ្នះទើបបានបញ្ចប់សង្រ្គាម មានសន្តិភាព និងដឹងគុណអ្នកស្ថាបនិកនយោបាយឈ្នះឈ្នះ ដោយសម្តេចតេជោ ហ៊ុន សែន។
ដោយ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានប្រសាសន៍ថា៖ សន្តិភាពមានតម្លៃកាត់ថ្លៃមិនបាន ហើយសន្តិភាព គឺជាលក្ខខណ្ឌចាំបាច់បំផុត ក្នុងការកសាង និងការអភិវឌ្ឍសង្គមជាតិឲ្យរីកចម្រើន។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ ហើយបើគ្មានសន្តិភាព ក៏គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែរ។
នាយឧត្ដមសេនីយ៍ បានថ្លែងបែបនេះ ខណៈបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយយុទ្ធនារីអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាពមានការលើកកំពស់សមភាពយេនឌ័រ» នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នេះ។ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ បានធ្វើការបកស្រាយយ៉ាងដូច្នេះថា «មានសន្តិភាព ទើបមានអ្វីៗទាំងអស់ ហើយពិភពលោកក៏ចង់បានសន្តិភាពយ៉ាងដូច្នេះដែរ។
លោកបន្តថា៖ សម្រាប់កម្ពុជាមានភ័ព្វសំណាង ដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្រ្គាម ហើយបានធ្វើការបង្រួបបង្រួមឯកភាពទឹកដី នាំមកនូវសន្តិភាពពេញលេញ នាឆ្នាំ១៩៩៨»។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងនូវការអបអរសាទរ ចំពោះប្រធានបទឆ្នាំនេះដែលផ្តោតជាសំខាន់លើអត្ថន័យខ្លឹមសារយ៉ាងជ្រាលជ្រៅ ពិសេសការរំលេចពីតម្លៃសន្តិភាព ដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសសុទ្ធតែបានយល់ច្បាស់ថា សន្តិភាពមិនមែនកើតឡើងដោយងាយស្រួលនោះទេ តែកើតឡើងដោយការលះបង់ទាំងកម្លាំងកាយចិត្ត អាយុជីវិតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ដូច្នេះទាំងអស់គ្នាត្រូវដឹងគុណអ្នកស្ថាបនិកនយោបាយឈ្នះឈ្នះ ហើយត្រូវរួមគ្នាការពារសន្តិភាពដែលកំពុងកើត មានអស់រយៈកាលជាង២០ឆ្នាំមកនេះ ឲ្យស្ថិតស្ថេរគង់វង្ស។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធនារីនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមចំណែកយ៉ាងច្រើន ក្នុងកិច្ចការសង្គម ជាពិសេសការបំពេញតួនាទីប្រកបដោយលទ្ធផលផ្លែផ្កា និងស្មារតីទទួលខុសត្រូវ។
នាយឧត្ដមសេនីយ៍ បញ្ជាក់ថា ការរៀបចំទិវាអន្តរជាតិនារីជារៀងរាល់ឆ្នាំនេះឡើង ម្យ៉ាងគឺដើម្បីរំលឹកវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឲ្យមានការលើកកម្ពស់សិទ្ធិសេរីភាព និងការអនុវត្តសិទ្ធស្មើភាពរវាងបុរស និងស្រ្តី និងម្យ៉ាងទៀតក៏ដើម្បីបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់តម្លៃស្រ្តីកម្ពុជា តាមរយៈការផ្តល់ឋានៈ តួនាទី ក៏ដូចជាការគិតគូរពីជីវភាព និងការបង្កើនប្រាក់ចំណូលឲ្យកាន់តែមានកម្រិតខ្ពស់។
សូមរម្លឹកថា៖ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ តែងបានរំលេចនូវតម្លៃសន្តិភាពដែលបានមកដោយការធ្វើពលិកម្មដ៍ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ហើយ ដែលនាយទាហានទាំងអស់ ត្រូវរួមគ្នាថែរក្សា និងត្រៀមលក្ខណៈជានិច្ចដើម្បីអនុវត្តបទបញ្ជា ក្នុងនោះត្រូវបង្កើនសមត្ថភាពយល់ដឹងឲ្យបានស៊ីជម្រៅ អំពីសភាពការណ៍សន្តិសុខដែលពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់ស្មារតី ប្រុងប្រយ័ត្នរាល់ឧបាយកល ការធ្វើបដិវត្តន៍ពណ៌ នៃក្រុមអ្នកប្រឆាំងបម្រើអោយគោលនយោបាយបរទេស៕ ដោយ សិលា