ព័ត៌មានកីឡារ ៖ កំពូលកីឡាការិនីវាយកូនបាល់ជនជាតិរុស្ស៊ី Maria Sharapova បានប្រកាសចូលនិវត្តន៍ ក្នុងវ័យ៣២ឆ្នាំ។ នាងជានារីម្នាក់ក្នុងចំណោម១០នាក់ដែលបានឈ្នះគ្រប់កម្មវិធីប្រកួត (Grand Slam) ទាំង៤ក្នុងប្រភេទកីឡាមួយនេះ និងជាអតីតម្ចាស់ចំណាត់ថ្នាក់លេខ១ពិភពលោកដែលបានសាងកេរ្តិ៍ឈ្មោះយ៉ាងធំធេងទាំងក្នុងពិភពកីឡានិងពិភពតារាល្បីៗលំដាប់ពិភពលោក។
Sharapova បានកើតនៅតំបន់ស៊ីបេរីថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៨៧ ចម្ងាយជាង៦៤គីឡូម៉ែត្រពីទីក្រុង Chernobyl ដែលជីដូនរបស់នាងបានបញ្ចុះបញ្ចូលឱ្យឪពុកម្ដាយនាងផ្លាស់ទីលំនៅ បន្ទាប់ពីមានការផ្ទុះរោងចក្រនុយក្លេអ៊ែរក្នុងឆ្នាំ១៩៨៦នៅទីនោះ។
កីឡាការិនី Sharapova បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Nike និងIMG ពេលនាងមានវ័យ១១ឆ្នាំ ហើយបានឈ្នះជើងឯក Wimbledon ៦ឆ្នាំបន្ទាប់ ពោលគឺក្នុងឆ្នាំ២០០៤ ពេលនាងមានវ័យទើប១៧ឆ្នាំ។ នាងបានឈ្នះGrand Slam ២ផ្សេងទៀត (US Open ក្នុងឆ្នាំ២០០៦ និង Australian Open ក្នុងឆ្នាំ២០០៨) ក្នុងវ័យត្រឹម២១ឆ្នាំ មុនពេលឈ្នះ Grand Slam លើទីលានដីឥដ្ឋ គឺ French Open ២ដងថែមទៀត ក្នុងឆ្នាំ២០១២និង២០១៤។
កេរ្តិ៍ឈ្មោះរបស់ Sharapova បានធ្លាក់ចុះក្នុងឆ្នាំ២០១៦ បន្ទាប់ពីនាងត្រូវបានធ្វើតេស្តឃើញវិជ្ជមានចំពោះសារធាតុហាមឃាត់ Meldoniumដែលជាប្រភេទ ថ្នាំព្យាបាលរោគបេះដូង។ Meldonium នេះដើមឡើយមិនស្ថិតក្នុងបញ្ជីហាមឃាត់នោះទេ ទើបតែត្រូវបានដាក់បញ្ចូលក្នុងខែមករាឆ្នាំ២០១៦នោះតែម្ដង ពេលនាងចូលប្រកួត Australian Open។
នាងត្រូវបានដាក់បម្រាម២ឆ្នាំ តែបានប្ដឹងតវ៉ាទៅ CAS ហើយបម្រាមនោះត្រូវបានបន្ថយមក១៥ខែវិញ។ ក្រោយផុតបម្រាមហើយត្រលប់មកទីលានប្រកួតវិញ គុណផលរបស់នាងមិនដូចពីមុនឡើយ។ Sharapova ពេលនេះបានចូលនិវត្តន៍ហើយ ប៉ុន្តែឈ្មោះរបស់នាងត្រូវបានគេរំលឹកតៗគ្នានៅក្នុងប្រទេស របសនាង ៕ ដោយ ភារៈ