ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចអំពាវនាវឲ្យអ្នកប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញត្រូវចុះបញ្ជីអោយបានគ្រប់គ្នា ខណៈ៨៥% ជាផលិតផលក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃអំពាវនាវឲ្យអ្នកប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញមកចុះបញ្ជីអោយបានគ្របគ្នាដើម្បីអោយអាជីវកម្មស្របច្បាប់។

លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជានាថ្ងៃទី3ខែមីនានេះថា៖ បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនឹងចូលជាធរមាននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ មន្រ្តីជំនាញនឹងចុះអនុវត្តច្បាប់ និងដាក់ទោសឬពិន័យតាមច្បាប់ចំពោះអ្នកធ្វើអាជីវកម្មតាមអនឡាញណា មិនមានច្បាប់ត្រឹមត្រូវ។

លោកបញ្ជាក់ថា៖ ការចុះបញ្ជីត្រឹមត្រូវគឺជាការគោរពច្បាប់ បង្កើនចំណូលថវិកាជាតិ និងមានទំនុកចិត្តពីសាធារណជនក្នុងការប្រើប្រាស់ផលិតផលដែលលក់តាមប្រព័ន្ធអនឡាញនេះ។

លោក ឡុង ស្រេង បានបញ្ជាក់ថា៖ មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នឹងជួបប្រជុំគ្នាដើម្បីកំណត់អនុក្រឹត្យមួយបន្ថែមទៀតនាពេលឆាប់ៗនេះ ដើម្បីសម្រួលអោយការអនុវត្តច្បាប់នេះឱ្យកាន់តែមានប្រសិទ្ធិភាព។
កន្លងមកនេះការត្រួតពិនិត្យពាណិជ្ជកម្មតាមអនឡាញនេះ មន្ត្រីអនុវត្តច្បាប់គឺមិនមានច្បាប់ពាក់ព័ន្ធទៅនឹងលើអនឡាញដើម្បីធ្វើការទេ។ យើងធ្វើការទាំងអស់នេះតាមផលិតផលរបស់គាត់ ដែលពួកគាត់ចែកចាយផលិតផលតាមអនឡាញគឺផលិតផល ក្លែងក្លាយគឺផលិតផល ខុសច្បាប់ គឺច្រើនណាស់សឹងតែ៨៥ភាគរយហើយ ជាផលិតផលក្លែងក្លាយដែលលក់នៅតាមអនឡាញទាំងអស់នេះមិនថាលក្ខណៈគ្រួសារលក្ខណៈក្រុមហ៊ុនទេច្រើនសន្ធឹកសន្ធាប់ទៅលើផលិតផលទាំងអស់នេះ។ មន្ត្រីអនុវត្តច្បាប់គឺអនុវត្តទៅលើផលិតផលទាំងអស់ ដែលពាក់ព័ន្ធនឹងច្បាប់ រីឯច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចនេះ នឹងចូលជាធរមាននៅថ្ងៃទី២ ខែឧសភានេះ យើងអនុវត្តបាន ។ ដូច្នេះសូមជម្រាបទៅបងប្អូន អាជីវកម្មអាជីករទាំងអស់ ដែលរកទទួលទានតាមប្រព័ន្ធអនឡាញនេះ ត្រៀមលក្ខណៈស្នើសុំច្បាប់ទៅក្រសួងពាណិជ្ជកម្មនិងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍»៕

ដោយ៖ សហការី


ចែករំលែក៖