ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួន ជនសង្ស័យវ័យក្មេង ០២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យវ័យក្មេង ០២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដីមួយគ្រឿងពីបុរសជនបរទេសពីរនាក់ប្ដីប្រពន្ធបានសម្រេច ក៏ប៉ុន្តែបែរជាអស់លក្ខណ៍ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនល្បាតប្រទះឃើញដេញចាប់បានភ្លាមៗ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០ ចំណុចមុខផ្ទះលេខ១២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៥០ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ប៊ុន ពុទ្ធា អាយុ១៧ឆ្នាំ មុខរបរ មិនពិត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ជនសង្ស័យម្នាក់ទៀតមានឈ្មោះ ដួង ផុនស៊ីដារ៉េ អាយុ១៧ឆ្នាំ មុខរបរ មិនពិត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានប្រាប់ដឹងថានៅវេលាម៉ោង ០២និង៣០នាទី ថ្ងៃកើតហេតុជនរងគ្រោះនិងភរិយាដែលជាជនជាតិទួរគី បានដើរចេញពីទិញឥវ៉ាន់ក្នុងផ្សារទួលទំពូង ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៥០ ទិសដៅពីកើតទៅលិច ខណៈពេលដែលមកដល់ចំណុចមុខផ្ទះលេខ១២៦ បុរសរងគ្រោះបានយកទូរស័ព្ទដៃ មួយគ្រឿងម៉ាក Samsung Galaxy Note 4 ពណ៌ខ្មៅ ដើម្បីយកមកចុចមើលផែនទី ខណៈពេលនោះក៏ស្រាប់តែមានជនសង្ស័យ ០២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា ប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ កណ្ដាល ១AF-៧៨០៣ ដោយជនសង្ស័យ ឈ្មោះ ប៊ុន ពុទ្ធា ជាអ្នកបើកម៉ូតូ មកក្បែរជនរងគ្រោះ រួចជនសង្ស័យឈ្មោះដួង ផុនស៊ីដារ៉េ ជាអ្នកអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះបានសម្រេចហើយ បម្រុងបើករត់គេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនល្បាតឃើញបានដេញឃាត់បានភ្លាមភ្លាមយកមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលទួលទំពូងទី១ សួរនាំ។

ក្រោយពេលកើតហេតុជនសង្ស័យរួមនិងម៉ូតូធ្វើសកម្មភាពត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង០១ សួរនាំនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការនគរបាលខណ្ឌចំការមនចាត់ការបន្តតាមនីតិវិធីច្បាប់ចំណែកទូរសព្ទរបស់ជនរងគ្រោះកម្លាំងសមត្ថកិច្ចបានប្រគល់ឲ្យទៅជនរងគ្រោះវិញផងដែរ៕ ស រស្មី


ចែករំលែក៖