ព័ត៌មានទាន់ហេតុការណ៍៖

ដុតសំរាមទុកចោលឆាបឆេះ ខ្យូសឈើប្រក់ស្បូវចំនួន៩ខ្នងខ្ទេច ក្នុងភោជនីយដ្ឋានចំការមាន

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែការធ្វេរប្រហែស ក្នុងការដុតសំរាមទុកចោល បណ្ដាលឲ្យឆាបឆេះឆ្លងដល់ខ្យូសឈើប្រក់ស្បូវ  នៅក្នុងភោជនីយដ្ឋានចំការមាន បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវដែលកំពុងតែផឹកស៊ីអមដោយស្រីញីអង្គុយកំដរនៅក្បែរខ្លួននាំគ្នារត់ចែកជើងគ្នា និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍ផងដែរ ។

ករណីគ្រោះអគ្គិភ័យដោយសារតែការធ្វេសប្រហែសខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចភោជនីយដ្ឋានចំការមាន តាមបណ្ដោយផ្លូវលេខ១៩៥៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបុគ្គលិកក្នុងភោជនីយដ្ឋានខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ គឺមានប្រជាពលរដ្ឋមិនស្គាល់អត្តសញ្ញាណដែលរស់នៅក្បែរកន្លែងកើតហេតុ បានប្រមូលសំរាមដែលគេបោះចោលតាមផ្លូវយកមកដុតចោលក្នុងដីឡូត៍មួយកន្លែង ជាប់និងរបងភោជនីយដ្ឋាន ប៉ុន្តែមិនទាន់មានការឆាបឆេះនោះទេ ។ លុះដល់វេលាម៉ោងកើតហេតុ ខណៈដែលមានភ្ញៀវជាច្រើន កំពុងអង្គុយផឹកស៊ីយ៉ាងសប្បាយនៅក្នុងភោជនីយដ្ឋាន ស្រាប់តែមានអណ្ដោតភ្លើង បានឆាបឆេះសំរាមកាន់តែខ្លាំងទ្បើង រួមទាំងមានខ្យល់បក់ខ្លាំងផងនោះ ទើបបណ្ដាលឲ្យកម្ទេចភ្លើងហោះ ទៅធ្លាក់លើខ្យូសធ្វើអំពីឈើប្រក់ស្បូវ នៅក្នុងភោជនីយដ្ឋាន ក៏ឆេះដំបូងស្បូវយ៉ាងសន្ធោសន្ធៅនិងរាលដាលពីមួយទៅមួយតែម្ដង ។

ប្រភពដដែលបន្តថា ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ និងបុគ្គលិកនាំគ្នារត់ចេញទៅខាងក្រៅ និងនាំគ្នាទាទុយោ ទឹកបាញ់ពន្លត់ ដើម្បីទប់ស្កាត់ ហើយបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចេញរថយន្តចំនួន៤គ្រឿង ចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន៣គ្រឿង ទើបភ្លើងរលត់ទៅវិញ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខាងការិយាល័យពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ គឺគ្រាន់តែឆេះខូចខាតខ្យូសសម្រាប់ទទួលភ្ញៀវអង្គុយញុំអាហារ ប្រភេទឈើប្រក់ស្បូវ ទំហំប្រមាណ៥x៥ម៉ែត្រចំនួន៩ខ្យូសខ្ទេចទាំងស្រុង រួមទាំងសម្ភារមួយចំនួនផ្សេងទៀត បានរងការខូចខាត ។ មូលហេតុ បណ្តាលមកពីការដុតសំរាមចោលគ្មានអ្នកមើល ៕ ចន្ទ លីហ្សា


ចែករំលែក៖