ភ្នំពេញ៖ ប្រជាពលរដ្ឋជាង៧០គ្រួសាររស់នៅជុំវិញផ្ទះ លោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងដ៍ល្បីឈ្មោះម្នាក់របស់ផលិតកម្ម ហង្សមាស បាននាំគ្នាផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរសង្កាត់គោកឃ្លាងនិងអាជ្ញាធរខណ្ឌសែនសុខជួយរកដំណោះស្រាយជូនពួកគាត់ ដោយសារតែលោក ព្រាប សុវត្តិ តែងតែបង្កការរំខានដល់ការរស់នៅរបស់ពួកគាត់ស្ទើររាល់ថ្ងៃ។
ការតវ៉ារបស់ប្រជាពលរដ្ឋជាង៧០គ្រួសារ នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៤ខែមីនាឆ្នាំ២០២០ នៅចំណុចផ្លូវលំក្រុម៣ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តំណាងប្រជាពលរដ្ឋប្រមាណជាង៧០គ្រួសារបានឲ្យដឹងថា អ្វីដែលពួកគាត់ផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរជួយដោះស្រាយនោះគឺដោយសារតែពួកគាត់ក្តៅក្រហាយនឹងបុគ្គលម្នាក់ឈ្មោះ ព្រាប សុវតិ្ថ ដែលជាតារាចម្រៀងដ៍ល្បីឈ្មោះម្នាក់ប្រចាំផលិតកម្មហង្សមាស តែងតែបង្កការរំខានដល់ពួកគាត់ស្ទើររៀងរាល់ថ្ងៃ។ ដូច្នេះហើយ ពួកគាត់ស្នើសុំអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ ចំណុច គឺ
១ – ឈប់ ឲ្យគាត់ធ្វើរបងបំពានលើផ្លូវសាធារណៈ
២ – ឈប់ ធ្វើរោងឈើបិតផ្លូវ
៣ – ឈប់ ចតរថយន្ត បិតផ្លូវ គ្មានសណ្តាប់ធ្នាប់ និង៤ – ឈប់ រោទិ៍សំឡេងរថយន្តលាន់ខ្លាំងដេកពួនមិនបាន។
ពាក់ព័ន្ធករណីនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានឲ្យដឹងថាលោកបានឲ្យមន្ត្រីរបស់លោកអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលជាតំណាងមកសាលាខណ្ឌដើម្បីដោះស្រាយហើយនៅរសៀលថ្ងៃ ខែ ឆ្នាំដដែលនេះ ខណៈដែលភាគីលោក ព្រាប សុវត្ថិ មិនមានតំណាងចូលរួមដោះស្រាយ តែលោកអភិបាលខណ្ឌសន្យាថា នឹងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលមកតវ៉ាឲ្យខាងតែបាន ៕ ចន្ទ លីហ្សា