ខេត្តរតនគិរី៖ រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយភ្លៅ៥ ពណ៌ខៀវ ស្លាកលេខ ត្បូងឃ្មុំ 3A-0432 ដែលដឺកដំឡូងពេញប្រៀប ខណៈកំពុងបើកបរលើផ្លូវសុខៗ ស្រាប់តែឆ្លងចរន្តភ្លើង ក្លាយជាអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅផ្អើលទាំងពាក់កណ្តាលអធ្រាត្រ ។
ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃ ពុធ ១១កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២០នៅចំណុចផ្លូវកាត់អូរខាន់លឿង ចម្ងាយពីទីរួមស្រុក២៥ គីឡូម៉ែត្រ លើផ្លូវជាតិ៧៦ ចន្លោះបង្គោល២៥១-២៥២ ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
អ្នកបើកបររថយន្តនេះ ឈ្មោះ ខឿន ខន ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិលេខ៥ ឃុំអំពិលតាពក ស្រុករាំងឪ ខេត្តត្បូងឃ្មុំ បានប្រាប់ថា ខណៈគាត់កំពុងបើករថយន្តនេះទៅលក់នៅប្រទេសវៀតណាម ស្រាប់តែមកដល់ចំណុចខាងលើបានឆ្លងចរន្តភ្លើងចេញពីកាប៊ីនខាងមុខក្លាយជាអគ្គិភ័យធំបណ្តាលឲ្យឆេះផ្នែកខាងក្រោយកង់ ១០ គ្រាប់ និងដំឡូងមួយចំនួន ធំតែម្តង។
យ៉ាងណាក្នុងករណីនេះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកលំផាត់បីគ្រឿង បានចេញមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន៣ រថយន្ត ទើបរលត់ទាំងស្រុង ៕ សហការី