ភ្នំពេញ៖ នារីជនជាតិហ្វីលីពីនម្នាក់ ដែលជាអ្នកគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាWESTLINE បានស្លាប់ភ្លាមៗ យ៉ាងអណោចអធ័ម ខណៈដែលរូបនាងត្រូវបានក្រុមចោរធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិបានសម្រេច ភ្លាមនោះរូបនាងបានជិះម៉ូតូយ៉ាងលឿនដេញតាមពីក្រោយ ក៏ជ្រុលទៅបុកផ្ទុបជាមួយនិងរបងឥដ្ឋ បណ្ដាលឲ្យបែកក្បាលតែម្តង ។
ករណីចោរឆក់ទ្រព្យសម្បត្តិពលរដ្ធតាមផ្លូវ បង្កជាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៤ខែមិនាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពស្ត្រីរងគ្រោះមានឈ្មោះ MARASIGAN MORESETTE ACERO អាយុ២២ឆ្នាំ មុខរបរគ្រូបង្រៀន សាលាWESTLINE ទីកន្លែងស្នាក់នៅមិនទាន់ស្គាល់ ។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គូបពី ពណ៍ក្រហម ពាក់ស្លាកលេខកណ្តាល 1-O -8811 ចេញពីម្តុំបុរីជីប ម៉ុង ផ្លូវម៉ុងរិទ្ធី យ៉ាងលឿនដោយធ្វើការដេញតាមម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០២០ មិនចាំស្លាកលេខ ដែលគេសង្ស័យថា ជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឆក់យកទ្រព្យរបស់នារីរងគ្រោះ ទើបនារីរងគ្រោះជិះដេញតាមស្រែកឆោឡោតែម្តង ។
ប្រភពដដែលបន្តថា ក្នុងហេតុការណ៍នោះ ដោយនារីរងគ្រោះបើកម៉ូតូក្នុងល្បឿនលឿន ទើបបណ្តាលឲ្យជ្រុលទៅបុកផ្ទុបជាមួយនិងរបងឥដ្ឋ បណ្ដាលឲ្យបែកក្បាលស្លាប់យ៉ាងរន្ធត់ ។
ក្រោយកើតហេតុភ្លាមៗ គេឃើញលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះទៅធ្វើការស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាពនៅជុំវិញបរិវេណកន្លែងកើតហេតុ ដើម្បីបញ្ជាក់ថាតើករណីស្លាប់ជនជាតិបរទេសរូបនេះ បណ្តាលមកពីករណីអ្វីឲ្យពិតប្រាកដផងដែរ ។
បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចមូលដ្ឋានដឹកយកតម្កល់ទុកនៅវត្តទឹកថ្លា រងចាំស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅឯប្រទេសកំណើត ៕ចន្ទ លីហ្សា