ភ្នំពេញ ៖ លោក ថាន់ ឡេង អតីតចៅក្រុមសាលាដំបូងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នជាចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង ត្រូវបានស្រ្តីម្នាក់ (ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ) សម្រេចចិត្តប្តឹងទៅប្រធានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដាក់ទណ្ឌកម្មវិន័យចំពោះចៅក្រមរូបនេះ ពាក់ព័ន្ធពីភាពមិនប្រក្រតីចំពោះចំណាត់ការលើសំណុំរឿងរក្សាការពារលេខ៥២៨ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ របស់សាលាដំបូងរាជធានីភ្នំពេញ ។
នៅក្នុងពាក្យបណ្តឹងដែលអង្គភាព នគរវត្ត ទើបទទួលបាននារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នាងខ្ញុំបានដាក់ពាក្យបណ្តឹងរក្សាការពារ ចុះ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចាត់ឲ្យលោក ថាន់ ឡេង ជាចៅក្រមទទួលបន្ទុកលើសំណុំរឿងរក្សាការពារលេខ៥២៨ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ របស់ សាលាដំបូងរាជធានីភ្នំពេញ ។
ស្រ្តីដើមបណ្តឹងបានបន្តថា នៅក្នុងចំណាត់ការរបស់លោក ថាន់ ឡេង ជាចៅក្រមទទួលបន្ទុកគាត់ចេះតែពន្យារពេលនីតិវិធី នៅក្នុងសំណុំរឿងរក្សាការពារខាងលើ ដោយមានមូលេហតុជាច្រើនដូចជា៖ គាត់មានសំណុំរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដែលត្រូវចាត់ការជាច្រើន និងបន្ទាន់ , គាត់ជាប់រវល់រៀបអាពាហ៍ពិពាហ៍ , មានធុរៈផ្ទាល់ខ្លួន ព្រមទាំងគាត់ជាប់រវល់សិក្ខាសាលានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ល។ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកចៅក្រម ថាន់ ឡេង បានចេញដីកាសម្រេចលុបចោលពាក្យសុំលេខ១១៣ ក១ ដពស ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ របស់ សាលាដំបូងរាជធានីភ្នំពេញ ដោយបានសម្រេចលុបចោលពាក្យសុំ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ របស់ម្ចាស់បំណុលគឺមានរយៈពេលដល់ទៅ២ឆ្នាំ៥ខែ ទើបលោកចៅក្រម ថាន់ ឡេង បញ្ចប់នីតិវិធី និងចេញដីកាសម្រេចលើកចោលពាក្យសុំខាងលើ ។ ចំពោះចំណាត់ការនីតិវិធីយ៉ាងយឺតយ៉ាវ និងអូសបន្លាយពេលក្នុងការចេញសម្រេចសេចក្តីនេះ ធ្វើឲ្យរូបគាត់បានបាត់បង់ផលប្រយោជន៍យ៉ាងធ្ងន់ ធ្ងរបំផុត ក្នុងនាមគាត់ជាម្ចាស់បំណុល និងមានភាពអយុត្តិធម៌ចំពោះគាត់ផងដែរ ។
ស្ត្រីខាងលើបានជម្រាបជូនប្រធានក្រុមប្រឹក្សាវិន័យ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបន្តទៀតថា រាល់ចំណាត់ការរបស់លោកចៅក្រម ថាន់ ឡេង ដែលបានប្រព្រឹត្តនៅក្នុងសំណុំរឿងរក្សាការពារលេខ៥២៨ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ របស់សាលាដំបូងរាជធានីភ្នំពេញ គឺជាទង្វើដែលមានចេតនា លម្អៀងទៅភាគីម្ខាងទៀត និងជាទង្វើផ្ទុយនិងគោលការណ៍ វិរិយភាពនៃក្រមសីលធម៌ផងដែរ ។
បើយោងតាមប្រការ២៩,ប្រការ៣០ និងប្រការ៣១ នៃគោលការណ៍ វិរិយភាព នៃក្រមសីលធម៌ចៅក្រមបានចែងថា ៖ ប្រការ២៩ គោលការណ៍ ចៅក្រមត្រូវធានាថា ខ្លួនបំពេញកិច្ចការតុលាការ ឬ អយ្យការប្រកបដោយវីរិយភាព គឺត្រូវព្យាយាម ត្រូវខំប្រឹងប្រែងបំពេញកិច្ចការតុលាការឲ្យបានឆាប់រហ័ស និងមានសុក្រឹតភាព ថែរក្សា និងបង្កើតចំណេះដឹងជំនាញរបស់ខ្លួន ដើម្បីបំពេញកិច្ចការតុលាការ ឬអយ្យការ ឲ្យបានសុក្រឹត និងមានគុណភាព ។
ចៅក្រមមិនត្រូវធ្វើកិច្ចការអ្វី ដែលមានវិសមិតភាពជាមួយនិងការទទួលខុសត្រូវប្រកបដោយវិរិយភាពនៃកិច្ចការតុលាការ ឬអយ្យការឡើយ ។
ប្រការ៣០ អតិ្តភាពនៃមូលដ្ឋាន ឬសំណាងហេតុនៃសេចក្តីសម្រេច
ការរៀបចំមូលដ្ឋានឬសំអាងហេតុ នៃសេចក្តីសម្រេច គឺជាដំណើរការលំបាក និងប្រើប្រាស់ពេលច្រើន ។ ក្នុងន័យនេះ ចៅក្រមគម្បីមានពេលវេលាគ្រប់គ្រាន់ ដើម្បីស្រាវជ្រាវ ពិភាក្សា និងសរសេរនូវ មូលដ្ឋាន ឬសំអាងហេតុ នៃសេចក្តីសម្រេចនោះ ។ ប៉ុន្តែចៅក្រមមិនត្រូវអូសបន្លាយពេលវេលានេះ រហូតបាត់បង់យុត្តិធម៌ឡើយ ។
ប្រការ៣១ កិច្ចការអាទិភាព
កិច្ចការតុលាការ ឬ អយ្យការ របស់ចៅក្រម មានអាទិភាពជាងកិច្ចការដទៃ ។ ចៅក្រមត្រូវធានាថា កិច្ចការដទៃ ដែលខ្លួនត្រូវបំពេញនៅក្រៅតុលាការ ដូចជាសមាជិកភាព នៃគណៈកម្មការ ឬក្រុមប្រឹក្សាណាមួយ មិនត្រូវរំខានដល់ប្រសិទ្្ធភាពនៃកិច្ចការរបស់តុលាការ ឬ អយ្យការឡើយ ។ ទន្ទឹមនឹងនេះ ចៅក្រមណាម្នាក់ ដែលត្រូវបានចាត់តាំងឲ្យទទួលបន្ទុកកិច្ចការរដ្ឋបាល ឬកិច្ចការដទៃបន្ថែម លើកិច្ចការតុលាការ ឬ អយ្យការ គម្បីទទួលបាននូវការផ្តល់ពេលវេលាគ្រប់គ្រាន់ ដើម្បីឲ្យចៅក្រមនោះបំពេញកិច្ចការទាំងនោះ ប្រកបដោយវីរិយភាព ។ ដូច្នេះ ចំពោះចៅក្រមដែលអាចវិនិច័្ឆយនីលើ សំណុំរឿងក្តីបាន លុះត្រាជាចៅក្រមដែលគោរពច្បាប់ និងធ្វើតាមនីតិវិធីដែលច្បាប់បានចែង ព្រមទាំងត្រូវគោរពនូវក្រមសីលធម៌ចៅក្រមឲ្យបានម៉ឺងម៉ាត់បំផុត ។ ប៉ុន្តែលោកថៅក្រម ថាន់ ឡេង ជាចៅក្រមដែលមិនគោរពច្បាប់ និងមិនគោរពតាមនីតិវិធីដែលច្បាប់បានចែង ធ្វើតាមតែអំពើចិត្តរបស់ ខ្លួន ព្រមទាំងជាចៅក្រមមិនគោរពនូវក្រមសីលធម៌ជាចៅក្រម មានភាពលម្អៀងទៅភាគីម្ខាងទៀត ដេលធ្វើឲ្យរូបគាត់ជាម្ចាស់បំណុលខូចខាតប្រយោជន៍ធ្ងន់ធ្ងរបំផុត ។
ស្រ្តីខាងលើបន្តថា ម្យ៉ាងទៀតសំណុំរឿងរក្សាការពារ ជាសំណុំរឿងបន្ទាន់បង្ខំ ដែលតម្រូវឲ្យមានការ ដំណើរការនីតិវិធីលឿន និងមិនត្រូវបានអូសបន្លាយពេលវេលានោះទេ ប៉ុន្តែមានតែសំណុំរឿងរក្សា ការពារខាងលើនេះ ដែលមានលោកចៅក្រម ថាន់ ឡេង ទទួលបន្ទុក គឺមានរយៈពេលធ្វើនីតិវិធីរហូត ទៅដល់២ឆ្នាំ៥ខែ ទើបបញ្ចប់និតិវិធី ដែលជាការធ្វើនីតិវិធីយូរជាងគេបំផុត ដែលមិនធ្លាប់មានកន្លង មក ។
ស្ត្រីខាងលើដដែលសំណូមពរឲ្យប្រធានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សាចៅក្រម មេត្តាពិនិត្យ និងស៊ើបអង្កេតពីភាពមិនប្រក្រតីចំពោះចំណាត់ការរបស់លោកចៅក្រម ថាន់ ឡេង ដូចក្នុងកម្មវត្ថុខាងលើតាមនីតិវិធីច្បាប់ ដើម្បីដាក់ទណ្ឌកម្មវិន័យ ។
ពាក់ព័ន្ធនឹងបណ្តឹងខាងលើនេះ អង្គភាព នគរវត្ត មិនអាចធ្វើការទំនាក់ទំនងសុំការបកស្រាយ បំភ្លឺបានទេពីលោកចៅក្រម ថាន់ ឡេង នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ ដោយគ្មានលេខទូរសព័្ទ ៕ ដោយ៖ សុខខេមរា