ភ្នំពេញ៖ ជាល្បិចមួយដ៏កម្រជួបប្រទៈ ខណៈម្ចាស់បើកអាជីវកម្មស្នើសុំច្បាប់លាងឡាន និងសាងសង់អាហារដ្ឋាន ដល់រួចរាល់បើកផ្សារទំនើបទៅវិញនៅខណ្ឌជ្រោយចង្វា ដល់អាជ្ញាធរអោយប្តូរទីតាំងបែជាបង្កើតអង្គហេតុផ្សេងចោទអាជ្ញាធរថា ពេលសាងសង់ម្តេចមិនមកហាមឃាត់ ហើយដល់សង់ចប់ក៏មកចាត់វិធានការ ..?
បញ្ហានេះលោក ឃ្លាំងបានឆ្លើយតបភ្លាមៗ លើ Facebook ផ្លូវការរបស់លោកថា៖ សុំច្បាប់សាងសង់បើក ភោជនីយដ្ឋាននិងលាងរថយន្ដ ពេលសង់ហើយបើកហាងឡាក់គីដែលមិនមានចំណតរថយន្តត្រឹមត្រូវ ដោយយកចិញ្ចើមរង្វង់មូលធ្វើចំណតធ្វើអោយកកស្ទះ រង្វង់មូលព្រហ្មមុខបួនមានតួនាទីសំខាន់សំរាប់លំហូរយានយន្តគ្រប់ប្រភេទចូលមកខណ្ឌជ្រោយចង្វារ ដូច្នេះសុំការយោគយល់ដល់ម្ចាស់ហាងឡាក់គីផង អរគុណដល់ក្រុមហ៊ុនឡាក់គីដែលផ្ដល់ទំនុកចិត្តមករកទទួលទាននៅជ្រោយចង្វា ដោយបញ្ហាការកកស្ទះសូមមេត្តាយោគយល់រកទីតាំងសមស្របមិនប៉ះពាល់ការធ្វើដំណើររបស់ប្រជាជន ខ្ញុំត្រៀមខ្លួនសហការនិងជួយសំរួលជានិច្ច ។ អរគុណដល់ការរិះគន់ តែសុំមើលច្បាប់និងហេតុផលផង ។
មានន័យថា៖ លោក ឃ្លាំង ហួត ច្រានចោលការលើកឡើងពីចំណាត់ការ ដែលតម្រូវឱ្យម្ចាស់ផ្សារឡាក់គីជ្រោយចង្វារប្តូរទីតាំង, ពេលសុំច្បាប់ គឺចង់សាងសង់អាហារដ្ឋាន និងកន្លែងលាងឡាន លុះពេលសង់ចប់ ចេញជាផ្សារទៅវិញ គឺគាត់មិនគោរពទៅតាមលិិខិតអនុញ្ញាត ចាត់ទុកអាជ្ញាធរ ពុំបានគិតដល់ពីល្បិចពួកគេបន្លំបំភ័ន្តភ្នែកអាជ្ញាធរ និងជំនាញ។
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ប្រាប់សារព័ត៌មាន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះថា ចំពោះចំណាត់ការឱ្យម្ចាស់ផ្សារឡាក់គី សាខាជ្រោយចង្វារផ្លាស់ប្តូរទីតាំង ពីរង្វង់ជ្រោយចង្វារ ដោយសារតែម្ចាស់ផ្សារខាងលើ បានធ្វើខុសចំពោះការស្នើសុំទៅអាជ្ញាធរខណ្ឌ ពោលពេលដែលដាក់ពាក្យស្នើសុំច្បាប់នោះ គឺសាងសង់ជាអាហារដ្ឋាន និងកន្លែងលាងរថយន្ត ប៉ុន្តែពេលសាងសង់រួច ចេញជាផ្សារទៅវិញ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក៏ព្រោះតែគ្មានចំណតរថយន្ត។
សូមបញ្ជាក់ថា៖ ការចេញមកបញ្ជាក់របស់លោក ឃ្លាំង ហួត បានធ្វើឡើងបន្ទាប់មានការចោទប្រកាន់នានាមកលើរូបលោក និងអាជ្ញាធរខណ្ឌតាមបណ្តាញសង្គម ពីចំណាត់ការបែបនេះ ដោយអ្នកខ្លះថា សាងសង់អស់លុយរាប់ម៉ឺនដុល្លារបែរជាឲ្យប្តូរទីតាំង ខណៈខ្លះទៀតថា ពេលសាងសង់ ហេតុដូចម្តេចមិនទៅហាមឃាត់?
សូមរម្លឹកថា៖ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ អភិបាលខណ្ឌជ្រោយចង្វារ បានជម្រាមជូនម្ចាស់ក្រុមហ៊ុនផ្សារឡាក់គីថា «ទីតាំងផ្សារឡាក់គី សាខាខណ្ឌជ្រោយចង្វារនេះ គឺមិនសមស្របក្នុងការបើកអាជីវកម្មផ្សារទំនើបឡើយ ដោយសារតែទីតាំងមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ បង្កឱ្យមានការកកស្ទះចរាចរនៅរង្វង់មូលព្រហ្មបាយ័ន។ ដូច្នេះដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ រដ្ឋបាលខណ្ឌ តម្រូវឱ្យម្ចាស់ផ្សាររកទីតាំងថ្មី ដែលសមស្របដោយទុកពេលឱ្យ ០១ខែ ចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹង»។
បើទោះជាបណ្តាញសង្គមខ្លះ អាចបង្កើតឡើងដោយសាខាផ្សារឡាក់គី ក្នុងចេតនាវាយប្រហារមកលើអាជ្ញាធរ តែមានមន្ត្រីរាជការ ប្រជាពលរដ្ឋចំពោះចំណាត់ការលើការបើកអាជីវកម្មនេះ ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ បញ្ចៀសការកកស្ទះចរាចរណ៍ បើសិនជាម្ចាស់ទីតាំងយកចិញ្ចើមផ្លូវសាធារណៈធ្វើជាចំណតរថយន្ត ពេលនោះរាល់ការកកស្ទៈកើតឡើង នឹងមានការរិៈគន់ដល់អាជ្ញាធរជាអ្នកបណ្តែតបណ្តោយអោយបើកផ្សារក្នុងទីចង្អៀត ដោយមិនគិតពីផលលំបាកដល់ការធ្វើចរាចរណ៍ ។
គេទទួលស្គាល់ និងគាំទ្រចំពោះពាណិជ្ជករ បានមកបណ្តាក់ទុនរកសុី ជាការស្រូបយកកម្លាំងពលកម្មអោយប្រជាពលរដ្ឋមានការងារធ្វើ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានខណ្ឌជ្រោយចង្វា តែបើម្ចាស់ទីតាំងសុំច្បាប់ផ្សេង ធ្វើពិតប្រាកដទៅជាផ្សឹងនោះ ក៏មិនអាចទទួលយកបានដែរ ខណៈប្រទេសយើងគ្រប់គ្រងដោយច្បាប់។ដោយ៖ សិលា