ខេត្តកំពង់ចាម៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងត្រួតពិនិត្យការងារកង កម្លាំងវិស្វកម្ម ដែលមានមូលដ្ឋាននៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
មានមតិសំណេះសំណាលនាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាននៃកងកម្លាំងវិស្វកម្ម ដែលបានខិតខំអស់ ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ចំពោះការបំពេញបេសកកម្មជាប្រវត្តិសាស្ត្របំរើជាតិនាពេលកន្លងមកនេះ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីការលះបង់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចេញទៅតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបានគូសបញ្ជាក់ អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសន្តិភាព និងវឌ្ឍនភាព។
តាមការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ ពាក្យថា អរគុណសន្តិភាព គឺជាពាក្យដ៏មានអត្ថន័យជ្រាលជ្រៅបំផុត និងជាពាក្យដែលគ្រប់បណ្ដាប្រទេសនៅលើលោកប្រាថ្នាចង់បាន ជាពិសេសបណ្តា ប្រទេសដែលកំពុងញាំញីដោយភ្លើងសង្គ្រាម។ ដូច្នេះកម្ពុជាដែលមានសំណាងបានស្គាល់សន្តិភាពពេញលេញនៅទូទាំងប្រទេស និងបានទទួលផ្លែផ្កាពីសន្តិភាពនេះ ត្រូវតែនាំគ្នាទន្ទេញឲ្យចាំមាត់ ពាក្យថា អរគុណសន្តិភាព ដោយសារនយោបាយឈ្នះឈ្នះទើបបានបញ្ចប់សង្រ្គាម មានសន្តិភាព ដឹងគុណអ្នកស្ថាបនិកនយោបាយឈ្នះឈ្នះ ដោយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំឲ្យយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តល់ការណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងកម្លាំងកងវិស្វកម្ម ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិន័យកងទ័ព និងត្រូវខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពគ្រប់ផ្នែក ទាំងលក្ខណៈបច្ចេកទេស ដើម្បីសម្រេចជោគជ័យតាមសេចក្ដីទុកចិត្តរបស់រាជរដ្ឋាភិបាល ក្នុងនោះចូលរួមសហការល្អជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរកងយោធពលខេមរភូមិន្ទ៕ សហការី