ភ្នំពេញ ៖ យុវតីម្នាក់ ត្រូវបាន ស្រ្តីសង្ស័យ២នាក់ បានធ្វើសកម្មភាព ដាក់ថ្នាំសណ្តំយកលុយទៅបាត់ចំនួន៥០០ដុល្លារ ទាំងកណ្តាលថ្ងៃ ខណ:ដែលនាងនិងមិត្តភក្តិម្នាក់ទៀតចូលទៅញុំអីនៅ ក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី ។
ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីយុវតីរងគ្រោះមិនបញ្ជាក់ឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ ឪពុករបស់នាងបានប្រើឲ្យនាងយកមាសមកលក់នៅផ្សារទំនើបស្ទឹងមានជ័យថ្មី។ ខណៈពេលលក់រួចរាល់ហើយ យុវតីខាងលើបានវេរលុយចំនួន៩០០ដុល្លារទៅឲ្យឪពុក នៅសល់លុយចំនួន៥២០ដុល្លារទៀត ទុកក្នុងកាបូបស្ពាយនៅខាងក្រោយ។
យុវតីរងគ្រោះបន្តថា ពេលនោះនាងក៏បានបបួលគ្នាចុះមកញាំអីនៅជាន់ខាងក្រោម ស្របពេលនោះក៏លេចមុខជនសង្ស័យជាស្រ្តី២នាក់ បានដើរមកក្បែរហើយដើរជាន់ជើងនាង ពេលនោះយុវតីខាងលើហាក់បីដូចជាដឹងថាបាត់លុយ ទើបរត់តាមជនសង្ស័យស្រែកថាចោរៗ មួយសន្ទុះក្រោយមក ក៏បាត់ស្មារតីនិយាយលែងចេញ ទើបយុវតីម្នាក់ទៀតដែលជាមិត្តភក្តិទៅជាមួយគ្នា បានខលប្រាប់ឪពុកម្តាយយុវតីរងគ្រោះ ដឹកយុវតីខាងលើដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ជួយអន្តរាគមន៍ និងស្រាវជ្រាវចាប់ជនដៃស្អិតយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ភារ៉ា ដង្កោ