ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញធុនធំបើកឆ្លងផ្លូវត្រូវម៉ូតូជិះបុកស្លាប់ម្នាក់របួសធ្ងន់ពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ និងប្រុសស្រីពីរនាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯ មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាជ្រុលទៅបុករថយន្តដឹកទំនិញធុនធំបើកឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង ១១ និង ២៥ នាទីយប់ថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ កែងនិងផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌សពាក់ស្លាកលេខព្រះសីហនុ3A-4863ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើឆ្លងផ្លូវជាតិលេខ ៤ ឆ្ពោះទៅទិសខាងកើត ខណះនោះក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខភ្នំពេញ1IA-6055ជិះដោយបុរសម្នាក់រួមដំណើរនឹងបុរសស្រ្តីពីរនាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំកង់រថយន្តពីចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលឲ្យបោកក្បាលស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។រីឯអ្នកបើករថយន្តធុនធំឃើញសភាពមិនស្រួលចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកតាមរថយន្តទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕សុខាសែនជ័យ​

ចែករំលែក៖