ខេត្តសៀមរាប ៖ ក្មេងប្រុសមានសតិមិនគ្រប់ម្នាក់ បានលងទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈតាមម្តាយទីជីកក្តាមធ្វើម្ហូបតាមវាលស្រែ ហើយបានចុះលេងទឹកស្រះតែម្នាក់ឯងហើយលងទឹកគ្មានអ្នកណាដឹងជួយទាន់ឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣២នាទី រសៀលថ្ងៃ ព្រហស្បិ៍ ១២កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចស្រះទឹកខាងត្បូង ចម្ងាយ៦០០ម៉ែត្រ ពីភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលនគរភាសបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផា ហាវ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។
តាមការរៀបរាប់របស់ម្តាយសាកសពបាននិយាយប្រាប់សមត្ថកិច្ចថា កូនរបស់គាត់(ជនរងគ្រោះ) ជាមនុស្សមានសតិមិនគ្រប់ ហើយនៅថ្ងៃកើតហេតុបានដើរតាមគាត់ទៅជីកក្តាមនៅវាលស្រែខាងត្បូងភូមិដោយគាត់មិនបានដឹងឡើយ។លុះគាត់រវល់តែជីកក្តាមមិនបានមើលកូនរបស់គាត់ចុះងូតទឹកស្រះលេងនោះ ធ្វើឲ្យកូនប្រុសគាត់ម្នាក់នេះលង់ទឹកស្លាប់តែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសព ឃើញថាពុំមានស្លាកស្នាមណាមួយជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន រួចក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី