ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីពន្លត់អគ្គិភ័យ៣នាក់ រងរបួសដោយសារជួយធ្វើអន្តរាគមន៍ ករណីភ្លើងឆេះផ្ទះពលរដ្ឋអស់ចំនួន២៧ខ្នង នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២៧ខ្នងខ្ទេចទាំងស្រុង សង្ស័យផ្ដើមចេញពីពលរដ្ឋធ្វើម្ហូបមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យផ្ទុះចង្ក្រានហ្គេាសឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅខាងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញមកអន្តរាគមន៍ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវលេខ៦៣ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលជំនាញខាងពន្លត់អគ្គិភ័យ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលផ្ដើមឲ្យមានភ្លើងឆេះមុនគេនោះ ឈ្មោះ មាន សំអាត ភេទប្រុស អាយុ ៦៣ឆ្នាំស្នាក់នៅផ្ទះលេខ២៧E១ក្រុម៧៧ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ផ្ទះដែលឆេះទាំងអស់នោះ ជាប្រភេទសំណង់ថ្មបេតុងប្រក់ក្បឿងទំហំ០៤ម៉ែត្រx០៦ម៉ែត្រហើយសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនធំ ត្រូវបានខូចខាតទាំងស្រុង ។ ក្នុងហេតុការណ៍នោះ បណ្ដាលឲ្យមន្ត្រីការិយាល័យពន្លត់អគ្គិភ័យចំនួន ០៣នាក់ បានរងរបួសផងដែរ ។

មន្រ្តីដដែលបន្តថា ក្នុងប្រតិបត្តិការខាងលើនេះ រថយន្តការិយាល័យពន្លត់អគ្គិភ័យ ចេញមកជួយធ្វើអន្តរាគមន៍ចំនួន២៥ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ១០០ឡានស្មើនឹង៤០០ម៉ែត្រគូប, រថយន្តជំនួយមានរថយន្តក្រសួងមហាផ្ទៃចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡានស្មើនឹង៤៨ម៉ែត្រគូប, រថយន្តកងរាជអាវុធហត្ថ ចំនួន០៤ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៨ឡានស្មើនឹង៣២ម៉ែត្រគូប, រថយន្ត ង៧០ ចំនួន០៤ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៨ឡានស្មើនឹង៣២ម៉ែត្រគូប, រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន០៦គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១២ឡានស្មើនឹង៤៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៦ឡានស្មើនឹង២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានស្មើនឹង ១២ម៉ែត្រគូប, រថយន្តផ្សារទំនើបអូឡាំព្យាចំនួន០១ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប។

អគ្គិភ័យនោះ ត្រូវបានពន្លត់ចប់ជាស្ថាពរនៅម៉ោង ០១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី០៧ ខែមីនា ឆ្នាំ២០២០។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងដែរថា ក្នុងហេតុការណ៍អគ្គិភ័យកំពុងតែឆាបឆេះខ្លាំងនោះ ជំហានដំបូងតាមព័ត៌មានបឋមពីប្រជាពលរដ្ឋថា មានលោកយាយម្នាក់អាយុជាង៧០ឆ្នាំ បានស្លាប់ដោយសារបាត់លោកយាយរកមិនឃើញសោះ ។ លុះក្រោយមក ពេលអគ្គិភ័យបានរលត់ទៅវិញ ស្រាប់តែទទួលបានដំណឹងជាថ្មីថា លោកយាយម្នាក់នោះមិនស្លាប់នោះទេ គឺលោកយាយ ដែលមានវ័យជរានោះ បានរំកិលខ្លួនចេញពីបន្ទប់ជួលហើយត្រូវបានគេឃើញ ជួយសង្គ្រោះទាន់ពេលវេលា ។

ដោយឡែកចំពោះមូលហេតុនៃការឆាបឆេះខាងលើនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា ផ្ដើមចេញពីរឿងអ្វីនោះឡើយ ។ ប៉ុន្តែបើតាមប្រជាពលរដ្ឋនៅទីនោះ និយាយថា បណ្ដាលមកពីគ្រួសារមួយ បានធ្វើម្ហូបដោយបំពងសាច់ ហើយមិនប្រយ័ត្នបណ្ដាលឲ្យផ្ទុះចង្ក្រានហ្គេាស បង្កជាភ្លើងឆាបឆេះតែងម្តង ។ ប៉ុន្តែទោះជាយ៉ាងណានេះ គ្រាន់តែជាព័ត៌មានក្រៅផ្លូវការនោះទេ ព័ត៌មានច្បាស់ការយ៉ាងណានោះ រង់ចាំការបញ្ជាក់ពីសមត្ថកិច្ចនិងអាជ្ញាធរដែនដី ៕ជ្រោយពេជ្រ



ចែករំលែក៖