ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាកាត់លុយទូរស័ព្ទ! និយ័តករទូរគមនាគមន៍កម្ពុជា នឹងដាក់លេខកូដ «1200» ដើម្បីឲ្យពលរដ្ឋកាត់ផ្ដាច់មកគម្រោងធម្មតាវិញ

ចែករំលែក៖

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) នៃក្រសួងប្រៃសណី ទូរគមនាគន៍ កំពុងពិចារណានឹងស្នើឲ្យមានការប្រើរួមគ្នា គ្រប់ប្រតិបត្តិករក្រុមហ៊ុនទូរស័ព្ទនូវលេខកូដខ្លី «1200» ដើម្បីផ្តល់លទ្ធភាព ដល់អតិថិជន អាចផ្ដាច់រាល់គម្រោង និងសេវាកម្មបន្ថែមនានា ដែលខ្លួនបានភ្ជាប់មានន័យថា បើអ្នកប្រើប្រាស់ មិនច្បាស់ថា ពួកគាត់កំពុងភ្ជាប់សេវាកម្មមួយណា។
និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា៖ ធ្វើបែបនេះ ដើម្បីគេចចេញពីការរអ៊ូរទាំរបស់ប្រជាពលរដ្ឋ រឿងក្រុមហ៊ុនទូរស័ព្ទកាត់លុយរបស់ពួកគាត់ដោយមិនដឹងខ្លួន ឬកាត់លុយដោយស្វ័យប្រវត្តិ ដោយសារតែការភ្ជាប់សេវាផ្សេងៗ។
លោក ជា ច័ន្ទតារ៉ា សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការធ្វើនិយ័តកម្មវិស័យទូរគមនាគមន៍ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ឲ្យដឹងថា៖ លេខ 1200 នេះ គឺស្ថិតក្នុងដំណាក់កាល ដែលនិយ័តករស្នើសុំឲ្យប្រតិបត្តិករពិចារណា ដើម្បីឲ្យអតិថិជនប្រើលេខ 1200 ផ្ដាច់មកជាគម្រោងធម្មតាវិញ។
លោក ជា ច័ន្ទតារ៉ា បានបញ្ជាក់ថា «រាល់សេវាកម្ម គឺនឹងផ្ដាច់ដែលយើងអាច នឹងទិញឡើងវិញ។ តែលេខកូដទាំងអស់នេះ គឺស្ថិតក្នុងលក្ខខណ្ឌ ក្នុងការពិភាក្សាបច្ចេកទេស ជាមួយប្រតិបត្តិករបន្តទៀត។ អីចឹងចំពោះសំណួរសួរថា នឹងចាប់ផ្ដើមនៅពេលណា និយ័តករទូរគមនាគមន៍ នឹងជូនដំណឹងបន្ទាប់ទៀត»។
និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា «ពួកគាត់អាចផ្ដាច់ នូវរាល់សេវាកម្មទាំងអស់ ដោយប្រើលេខកូដ 1200 នេះ ហើយវាប្រៀបដូចជា reset ឲ្យស៊ីមដែលកំពុងដំណើរការ វិលមករកសភាពដើមបំផុត (default) ដូចកាលជាវដំបូង»។
និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ទៀតថា ការប្រើលេខកូដខ្លីនេះ ដំណោះស្រាយដ៏ល្អ ដើម្បីបញ្ចប់នូវបញ្ហាកាត់លុយ ឬការភ្ជាប់សេវាផ្សេងៗ មិនដឹងខ្លួនកន្លងមក ដែលអ្នកប្រើប្រាស់ ធ្លាប់បានជួបប្រទះ៕ សហការី


ចែករំលែក៖