ខេត្តក្រចេះ ៖ ឈ្មួញឈើឈ្មោះ ចាន់ ម៉េងហាំង កំពុងដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់នៃស្រុកសំបូរ ចូលមកស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយដឹកតាមទូកធំៗតាមផ្លូវទឹកចេញទៅតាមបណ្តាស្រុកមួយចំនួនទៀតយ៉ាងរលូនដោយគ្មានសមត្ថកិច្ចជំនាញណាហ៊ានបង្រ្កាបឡើយ ។នេះបើតាមប្រភពពីប្រជាពលរដ្ឋក្នុងស្រុកសំបូរខេត្តក្រចេះនិយាយឲ្យដឹងកាលពីថ្ងៃថ្ងៃ សុក្រ ១៣កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០២០។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះវិញបានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ឈ្មួញឈ្មោះ ចាន់ ម៉េងហាំង ហៅច័ន្ទ កំពុងប្រព្រឹត្តបទល្មើសព្រៃឈើនៅក្នុងស្រុកចំនួន៤ គឺស្រុកសំបូរ ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង យ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីមន្ត្រីអាជ្ញាធរក្នុងស្រុកទាំង៤ខាងលើនេះបានឲ្យដឹងថា ការដែលឈ្មួញឈ្មោះ ចាន់ ម៉េងហាំង អាចធ្វើអ្វីៗតាមអំពើចិត្តបាន គឺដោយសារអាងមានមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះ មួយរូបធ្វើជាបង្អែកដ៏រឹងមាំនៅពីក្រោយខ្នង។ ចំណែកលោក សាន្ត ប៊ុនថាន់ មេបញ្ជាការកង រាជអាវុធហត្ថខេត្តក្រចេះ មិនហ៊ានចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ចាន់ ម៉េងហាំង នោះទេប្រហែលជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផងដែរ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញឈ្មោះ ចាន់ ម៉េងហាំង ដឹកជញ្ជូនឈើពីព្រៃឡង់ ឆ្លងកាត់ស្រុកព្រៃ ប្រសព្វ ចូលទៅកំពង់ដតាយី ឬកំពង់ដព្រែកតាហ៊ុក(ត្រើយម្ខាង) ឆ្ពោះទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម យ៉ាងរលូនព្រោះគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះឡើយ។ ក្នុងមួយយប់ៗឈ្មួញឈ្មោះ ចាន់ ម៉េងហាំង ដឹកជញ្ជូនឈើចេញពីព្រៃឡង់ស្រុកសំបូរ ប្រមាណពី១០ទៅ១៥រថយន្ត ហើយមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានជាអ្នកសម្របសម្រួល បើកផ្លូវដើម្បីជាថ្នូរនឹងផលប្រយោជន៍ទៀតផង។ប្រជាពលរដ្ឋក្នុងស្រុកសំបូរ បានឲ្យដឹងថា នៅពេលពួកគាត់ដឹកឈើបន្តិចបន្ទួចដើម្បីធ្វើផ្ទះសម្បែងសោះ តែងត្រូវមន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃឈើចាត់វិធានការបង្ក្រាបផាកពិន័យដោយពុំមានការយោគយល់ឡើយ។ ប៉ុន្តែនៅពេលឈ្មួញឈ្មោះ ចាន់ ម៉េងហាំង ដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងកែច្នៃនិង តាមទូកធំៗយ៉ាងពេញបន្ទុកជារៀងរាល់យប់ មិនដែលឃើញមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ ព័ន្ធណា ចាត់វិធានការបង្ក្រាបឡើយ ព្រោះមានបង្អែករឹងមាំពីក្រោយខ្នង។ សូម្បីតែលោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ក៏រក្សាភាព ស្ងៀមស្ងាត់ទុកឲ្យឈ្មួញឈ្មោះ ចាន់ ម៉េងហាំង បន្តប្រព្រឹត្តបទល្មើសព្រៃឈើក្នុងស្រុកសំបូរ ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង យ៉ាងពេញបន្ទុកដែរ ។
ពាក់ព័ន្ធការការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ អង្គភាពកាសែតនគរវត្ត មិនអាចសុំការបញ្ជាក់ពីស្ថាប័នជំនាញបានឡើយ ដោយគ្មានលេខទូរស័ព្ទ ៕ សហការី