ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៩ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចេញប្រតិកម្មនឹងសារព័ត៌មាន VNA របស់វៀតណាម ដែលផ្សាយថា វៀតណាមបានរឹតត្បិតចំពោះពលរដ្ឋខ្មែរដែលឆ្លងចូលវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-19
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ ការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន VNA របស់វៀតណាម ដែលបានផ្សាយនាថ្មីៗនេះថា វៀតណាមបានរឹតត្បិតចំពោះពលរដ្ឋកម្ពុជា ដែលឆ្លងចូលទៅកាន់ប្រទេសវៀតណាម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ចាត់ទុកថា ជាការផ្សព្វផ្សាយបែបនេះ អាចធ្វើឱ្យមានការយល់ច្រឡំចំពោះកម្ពុជា ហើយអាចនឹងបង្កឱ្យមានការខឹងសម្បារ និងតវ៉ាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដោយសារតែជាការផ្សព្វផ្សាយខុសការពិតមួយ ដែលមិនអាចទទួលយកបានជាដាច់ខាត។
សម្តេចតេជោ បាន ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូម្បីតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខ្ញុំត្រូវតវ៉ាឱ្យរដ្ឋមន្រ្តីការបរទេស តវ៉ាទៅវៀតណាម។ ហេតុអ្វីបានត្រូវការតវ៉ាទៅវៀតណាម មិនមែនទៅរដ្ឋាភិបាលវៀតណាមទេ ប៉ុន្តែសារព័ត៌មាន VNA របស់វៀតណាម បានចុះផ្សាយដ៏អាក្រក់ពីកម្ពុជា ដោយខ្ញុំមិនខ្លាចទេ»។
បើតាមរបាយការណ៍របស់ស្ថានទូតវៀតណាម ប្រគល់ជូនក្រសួងការបរទេសកម្ពុជា នៅស្ថិតនៅក្នុងពេលមានវិបត្តិកូរ៉ូណាថ្មីនេះ គណៈការពារសុខភាពរបស់វៀតណាម បានណែនាំឱ្យមានការពង្រឹងសុវត្ថិភាពនៃការចេញចូលប្រទេស គ្រប់ជាតិសាស្ត្រទាំងអស់ ប៉ុន្តែបែរជាសារព័ត៌មាន VNA របស់វៀតណាមថា រឹតបន្តឹងចំពោះពលរដ្ឋដែលមកពីអឺរ៉ុប និងកម្ពុជាទៅវិញ ដែលខុសពីអ្វីដែលគណៈការពារសុខភាពរបស់វៀតណាមបានប្រកាស។
សម្តេចតេជោ បន្តថា៖ «អញ្ចឹងកម្ពុជា ចូលក្នុងចំណាត់ថ្នាក់ដែលត្រូវវៀតណាមដាក់ឱ្យនៅជាមនុស្សចម្លែក អញ្ចឹងខ្ញុំអត់ព្រមទេ ខ្ញុំប្រាប់ ប្រាក់ សុខុន (ប្រមុខការទូតកម្ពុជា) ឱ្យទាក់ទងវៀតណាមភ្លាម»។ បើសិនជាសារព័ត៌មាននេះមិនទាន់ដកព័ត៌មាននោះទេ នឹងមានការតវ៉ាកំណត់ទូតទៅវៀតណាម។
សម្តេចក៏បានបន្ថែមថា៖ «រឿងនេះវាក្លាយជាបញ្ហា បើសិនជាប្រជាជនកម្ពុជាប្រតិកម្មវិញ ប្រជាជនកម្ពុជាអាចនឹងបិទមិនឱ្យវៀតណាមឆ្លងមកវិញ ប៉ុន្តែបានដោះស្រាយកាលពីម្សិលមិញហើយ»។ បើតាមសម្តេចតេជោ, គណៈការពារសុខភាពរបស់វៀតណាម មិនបាននិយាយអំពីឈ្មោះប្រទេសកម្ពុជា ឬអឺរ៉ុបទេ ប៉ុន្តែបែរជាសារព័ត៌មាននោះ បានចុះផ្សាយអំពីកម្ពុជា។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងសារព័ត៌មាន VNA របស់វៀតណាម ផ្សាយថាវៀតណាមបានរឹតត្បិតចំពោះពលរដ្ឋខ្មែរដែលឆ្លងចូលវៀតណាម ទប់ស្កាត់កូវីដ-19 នោះជាសារបង្ហាញពីជំហររដ្ឋាភិបាលកម្ពុជា ការពារនូវទំនាក់ទំនងប្រជាពលរដ្ឋ ការទូតនៃប្រទេសទាំងអោយល្អប្រសើរ៕ សិលា