ភ្នំពេញ ៖ ពីម្សិលមិញមន្ត្រីក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃើញករណីទី៣វីរុសកូវីដ-១៩ កើតលើស្ត្រីវ័យ៦៥ឆ្នាំ ជាជនជាតិអង់គ្លេស នៅលើនាវាទឹកសាបចូលចតនៅផែទីរួមខេត្តកំពង់ចាម បន្ទាប់ពីធ្វើដំណើរចាកចេញពីទីក្រុងហូជីមិញ ប្រទេសវៀតណាម និងមនុស្សជិតដិតនឹងស្ត្រីរូបនេះចំនួន៥នាក់ទៀត ត្រូវបានពេទ្យកម្ពុជាដាក់ឲ្យនៅដាច់ដោយឡែក បើទោះធ្វើតេស្តរួចលទ្ធផលអវិជ្ចមានក៏ដោយ ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលឲ្យដឹងថា ករណីវិជ្ជមានកូវីដ១៩ លើស្ត្រីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ជាអ្នកដំណើរតាមនាវាវីគីងគ្រូសជូណ៌ Viking Cruise Journey ចេញពីកំពង់ផែ MyTho នៃទីក្រុងហូជីមិញ សំដៅមកទីក្រុងភ្នំពេញ តាមរយៈចូវដុក ក្អមសំណរ និងប្រហែលជាម៉ោង១៦៖៣០នាទីរសៀល ហួសទៅចូលចតនៅចំណតនាវានៃទីរួមខេត្តកំពង់ចាម ។
បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលកំពុងចាត់វិធានការយកស្ត្រីជនជាតិអង់គ្លេសរូបនោះ ដាក់នៅបន្ទប់ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីព្យាបាល និងតាមដានសុខភាពគាត់។ ទន្ទឹមនឹងនោះ មានស្ត្រីជនជាតិអង់គ្លេសម្នាក់ទៀតដែលជិតដិតជាមួយស្ត្រីជនជាតិអង់គ្លេសមានវីរុសកូវីដ១៩រូបនេះ ប៉ុន្តែលទ្ធផលតេស្តអវិជ្ជមាន យ៉ាងណាបុគ្គលរូបនេះក៏ត្រូវដាក់ឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកនៅលើនាវាផងដែរ ។ ឯអ្នកដំណើរផ្សេងទៀត សរុបចំនួន៣០នាក់ និងបុគ្គលិកបម្រើការនាវាសរុបចំនួន៣៤នាក់ (សរុបទាំងអស់៦៤នាក់) ត្រូវឲ្យនៅលើនាវាទាំងអស់ មិនអនុញ្ញាតឲ្យចុះចេញមកលើគោក ដោយរង់ចាំក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងក្រសួងសុខាភិបាលយកសំណាកវត្ថុវិភាគមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញជាមុនសិន ។
សេចក្តីជូនដំណឹងក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ត្រីមានវីរុសកូវីដ១៩ខាងលើ បានធ្វើដំណើរតាមយន្តហោះចេញពីទីក្រុងឡុងនៃប្រទេសអង់គ្លេស មកដល់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ មានគ្នា៥នាក់ (ជាជនជាតិអង់គ្លេសទាំងអស់ ធ្វើតេស្តអវិជ្ជមានចំនួន៤នាក់) ។ បន្ទាប់មកពួកគាត់បានបន្តដំណើរចាកចេញតាមនាវាខាងលើពីទីក្រុងហូជីមីញសំដៅមករាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២០ និងបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។
នៅថ្ងៃដដែល មុននឹងមកដល់រាជធានីភ្នំពេញ អ្នកទទួលខុសត្រូវអ្នកទេសចរនៃនាវានេះបានទទួលដំណឹងថា យន្តហោះដែលស្ត្រីជនជាតិអង់គ្លេសបានជិះនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នោះ មានជនជាតិវៀតណាមម្នាក់ ដែលអង្គុយជិតជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំខាងលើនេះ ត្រូវបានរកឃើញ វិជ្ជមានវីរុសកូវីដ១៩ នៅទីក្រុងហាណូយ ។ លុះពេលមកដល់រាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ជនជាតិអង់គ្លេសទាំង៥រូប ត្រូវបានបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានយកសំណាកវត្ថុវិភាគចំនួន០៣នាក់ (ដោយ០២នាក់ បានប្រកែកមិនព្រមឲ្យយកដាច់ណាត់ដោយសំអាងថា ពួកគាត់មិនមានបញ្ហាសុខភាព ឬរោគសញ្ញាអ្វីទាំងអស់)។ ជាលទ្ធផលអ្នកទាំង៣នាក់នេះមានអវិជ្ជមានវីរុសកូវីដ១៩។
ករណីនេះ មន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ថា ដើម្បីឲ្យមានភាពច្បាស់លាស់ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្តល់ព័ត៌មានមកមន្ទីរសុខាភិបាលខេត្តកំពង់ចាមឲ្យរង់ចាំយកវត្ថុសំណាកទាំង២នាក់ទៀតដែលមិនបានធ្វើតេស្តនោះ ដោយមានការសម្របសម្រួលពីអ្នកគ្រប់គ្រងនាវា នៅពេលចូលចតនៅចំណតនៃខេត្តកំពង់ចាម ហើយត្រូវបានក្រុមគ្រូពេទ្យពិនិត្យ និងបញ្ជូនសំណាកវត្ថុវិភាគមកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៦:៣០នាទីរសៀលនេះ ក៏ទទួលបានលទ្ធផលវិជ្ជមានលើស្ត្រីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ។
ពាក់ព័ន្ធករណីនេះ មន្ត្រីក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរខេត្តកំពុងយកចិត្តទុកដាក់ពិនិត្យនិងស្រាវជ្រាវយកវត្ថុសំណាកពីអ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលនៅលើនាវាទាំងអស់ មកវិភាគនៅមុន្នីលើសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
បច្ចប្បន្ន គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជារកឃេីញករណីជំងឺCOVID-19 សរុបចំនួន៣ករណី ហើយក្នុងនោះខ្មែរម្នាក់ និងពីរនាក់ទៀតជាជនបរទេស ចំពោះអត្តសញ្ញាណករណីទាំង៣មានដូចខាងក្រោម ៖
១- ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បេីយ ត្រលប់ទៅចិនវិញ ។
២- ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19 ។
៣-ជនជាតិអង់គ្លេស ភេទស្រី អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ ។
អ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ ដាក់ឲ្យនៅដោយឡែក និងតាមដានសុខភាពចំនួន១៤ថ្ងៃ ។ នេះជាករណីនាំចូលពីប្រទេសពីប្រទេសក្រៅ ។
ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ ខណៈការធ្វេីតេស្តសរុបទាំងអស់ចំនួន៤៨២ករណី នៅវិទ្យាស្ថានប៉ាស្ទ័រ ៕ ដោយ ៖ វណ្ណៈ