កណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ផឹកស្រាស្រវឹងមកដល់ផ្ទះរករឿងម្ដាយ ឈានដល់យកកាបិតខ្វេងកាប់ជញ្ជាំងផ្ទះបណ្ដាលឲ្យខូចខាតអស់មួយចំនួនកាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ កែវ វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ូវ ហ៊ាងលី ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាម្ដាយកូននឹងគ្នា មានទីលំនៅភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យធ្លាប់ប្រើអំពើហិង្សាក្នុងគ្រួសារ និងធ្លាប់វាយម្តាយ ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀន និងយកទៅដាក់មណ្ឌលកែប្រែចំនួន០២លើកមកហើយ ប៉ុន្តែជនសង្ស័យមិនបានកែប្រែខ្លួនឡើយ។ លុះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៧:០០នាទី ជនសង្ស័យបានជិះកង់ទៅធ្វើសំណង់នៅផ្ទះរបស់ឈ្មោះ ឆាង រហូតដល់ម៉ោង១៧និង០០នាទី ឈប់ពីធ្វើសំណង់ ក៏នាំគ្នាផឹកស្រាថ្នាំជាមួយមេជាងនៅទីនោះ អស់ស្រាថ្នាំចំនួន៣លីត្រ ទើបឈប់បែកផ្លូវគ្នា ។ បន្ទាប់មកជនសង្ស័យក៏បានជិះកង់មកផ្ទះរបស់ខ្លួន ពេលមកដល់ផ្ទះក៏ឃើញម្ដាយបង្កើត(ជនរងគ្រោះ)កំពុងរើសសំបកដបទឹកសុទ្ធដាក់ថង់ ហើយជនសង្ស័យក៏សួរម្តាយថា ពីណាយកកាធុនទឹកទៅណាបាត់ហើយ ជនរងគ្រោះក៏ឆ្លើយថា អញមិនដឹងទេ ភ្លាមនោះជនសង្ស័យក៏បានទាញយកកាំបិតខ្វេវ ទៅកាប់ផ្ទះបណ្តាលអោយខូចខាតជញ្ជាំងផ្ទះអស់មួយចំនួន ។ លុះដល់វេលាម៉ោង១៨:០០នាទី ថ្ងៃខែឆ្នាំដដែល ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីជ្រោយ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍។
ក្រោយពីជំនាញនិងប៉ុស្តិ៍ធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្សយ័ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើអំពើហិង្សានៅក្នុងគ្រួសារ បណ្តាលអោយខូចខាតពិតប្រាកដមែន។ ចំណែកជនសង្ស័យ បានបញ្ជូនមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ចាត់ការតាមច្បាប់ ៕សអាងជ័យ