កណ្តាល៖ នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យម្នាក់បើកម៉ូតូជិះដេញវាយជនរងគ្រោះអោយរបួសធ្ងន់ដោយសារសងគំនុំចាស់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស” តាមមាត្រា៣២១៨ នៃក្រមព្រហ្មទណ្ឌ។
ដែលប្រព្រឹត្តនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២១និង៤៦នាទី ចំណុចភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះមានឈ្មោះ ចឹង យ៊ាំងគៀក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទត្រី មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសក្បាលឆ្វេងដេរចំនួន០២ថ្នេរ)។
ជនត្រូវចោទមានឈ្មោះ មន វិសាល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលស្រុកកៀន ស្វាយ បានអោយដឹងថា នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះ បានជិះម៉ូតូ១គ្រឿងម៉ាក សុីរុស ពណ៌ស គ្មានស្លាកលេខជិះគ្នា២នាក់ ក្នុងគោលបំណងទៅដេកចាំស្រះត្រី ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ ។ ពេលចេញទៅដល់ចំណុចមុខផ្ទះឈ្មោះសុខ យៀង ភេទប្រុស អាយុ៦៧ឆ្នាំ ស្រាប់តែជនសង្ស័យបានជិះម៉ូតូដេញតាមពីក្រោយជនរងគ្រោះ ពេលមកដល់ចំណុចកើតហេតុជនសង្ស័យបានយកច្រវ៉ាក់ម៉ូតូមកវាយជនរងគ្រោះដែលកំពុងបើកម៉ូតូ បណ្តាលឲ្យរបួសក្បាលខាងឆ្វេងដេរចំនួន០២ថ្នេរ ។លុះដលម៉ោង២៣និង០៥នាទី ទើបបានម្តាយជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ បានទទួលពាក្យបណ្តឹងរួចកម្លាំប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ នាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសួនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកច្រវ៉ាក់ម៉ូតូជិះដេញវាយជនរងគ្រោះពិតប្រាកដមែន ។
កន្លងមកជនសង្ស័យ ធ្លាប់ប្រព្រឹត្តបទល្មើសចាក់គេនឹងកាំបិតទៀតផង ៕ ឆ ដា