ខេត្តកំពត៖ លោក ដែង សុវណ្ណាវុធ អនុ ប្រធានការិយាល័យ គាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត គឺខាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួន ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ និង ករណីសំអាតប្រាក់ ។
សូមបញ្ជាក់ថា៖ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅ ពេលកំពុងផឹកស៊ី នៅអាហារដ្ឋានមួយកន្លែងឈ្មោះ “សប្បាយ សប្បាយ” ស្ថិតក្នុងភូមិគ្រាំង សង្កាត់ក្រាំងអំពិល ក្រុង កំពត ខេត្តកំពត។ តាមរយៈការឃ្លាំមើលពីអង្គភាព ACU យ៉ាងយកចិត្តទុកដាក់។
មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់គេហទំព័រក្នុងស្រុក នៅថ្ងៃទី១២ ខែមីនា ថា៖ ពិតជាមានការឃាត់ខ្លួនលោក ដែង សុវណ្ណាវុធ អនុប្រធាន ការិយាល័យ គាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការ វិនិយោគសាលាខេត្តកំពត។ ការចាប់ខ្លួននេះ គឺដោយសារមានពាក្យបណ្តឹងជាច្រើនបានប្តឹងលោក ដែង សុវណ្ណាវុធ ពាក់ព័ន្ធនិងការកិបកេងលុយមូលនិធិសម្រាប់ការអភិវឌ្ឍមូលដ្ឋាន។
បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ២៦០ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ របស់លោក អ៊ី ឃាង ចៅ ក្រម ស៊ើសួរ សាលាដំបូងខេត្តកំពត បានបញ្ជាក់ថា ឈ្មោះ ដែង សុវណ្ណាវុធ ភេទប្រុស កើត ឆ្នាំ ១៩៧៣ ជន ជាតិខ្មែរ សាសនាព្រះពុទ្ធ កំរិតវប្បធម៌ចប់បាក់ឌុប មុខ របរ ជា អនុប្រធានការិយាល័យគាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត។
បើតាមខ្លឹមសារដីកាបង្គាប់ឲ្យឃុំខ្លួននេះបញ្ជាក់ទៀតថា ឈ្មោះ ដែង សុវណ្ណាវុធ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ វីតិក្រម តាមមាត្រា៥៩២ និងមាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ ដែលបានបញ្ញាត្តិនៅក្នុងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងបទសម្អាតប្រាក់ តាមមាត្រា៣ថ្មី និងមាត្រា២៩ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រព្រឹត្តនៅខេត្តកំពត កាល ពី អំឡុង ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។
អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនជាបន្តបន្ទាប់ ទៅលើជនប្រព្រឹត្តអំពើពុករលួយ ថ្មីនេះមានដូចជា អតីតប្រធានមន្ទីររៀបចំដែននគរូបនីយកម្ម សំណង់ និងសុរយោដី និងបក្ខពួកនៅខេត្តពោធិ៍សាត់ , អតីតប្រធានមន្ទីររៀបចំដែននគរូបនីយកម្ម សំណង់ និងសុរយោដី ខេត្តព្រះសីហនុ និងឈានដល់ចាប់ខ្លួនលោក ដែង សុវណ្ណាវុធ អនុ ប្រធានការិយាល័យ គាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត ៕ សហការី