ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅដាក់ទិសដៅអោយកម្លាំងសន្តិសុខរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ

ចែករំលែក៖

ភ្នំពេញ៖ ជាថ្មីម្តងទៀតអភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា បានដាក់ចេញនូវផែនការអោយកម្លាំងសន្តិសុខត្រូវអនុវត្តជាប្រចាំទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្លូវទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌជាពិសេសអ្នកលក់លើចិញ្ចើមផ្លូវ  រថយន្តតាក់ស៉ីឈប់ចតនៅលើផ្លូវជាតិ លេខ១ហើយរត់ចាប់ម៉ូយប្រសេចប្រសាច

ប្រសាសន៍ដាស់តឿនក្រើនរំលឹកដល់កម្លាំងសន្តិសុខប្រចាំខណ្ឌអោយពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈនេះបានលើកឡើងនៅគ្រាដែលលោកអភិបាលជួបសំណេះសំណាលនិងផ្តល់ថវិកាលើកទឹកចិត្តដល់កម្លាំងសន្តិសុខកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅសាលាខណ្ឌ ច្បារអំពៅ

មានមតិសំណេះសំណាលនិងផ្តាំផ្ញើដល់កម្លាំងសន្តិសុខ លោកចេង មុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌបានណែនាំអោយកម្លាំងសន្តិសុខទាំងអស់ត្រូវពង្រឹងការងារចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំនៅគ្រប់ផ្លូវទាំងអស់ជាពិសេសតំបន់គល់ស្ពានព្រះមុនីវង្ស  ផ្លូវជាតិលេខ១  ផ្សារច្បារអំពៅ ផ្លូវ៣៦៩    ពិតណាស់ថាការចុះរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើអោយប៉ះពាលដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន….តែប្រជាពលរដ្ឋភាគច្រើនមានការសាទរដល់កងកម្លាំងសន្តិសុខក៍ដូចជាអាជ្ញាធរខណ្ឌ  ដូច្នេះយើងត្រូវអនុវត្តតាមមតិភាគច្រើន

លោកអភិបាលខណ្ឌបានបន្តថា យើងនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋលោកសរសើហើយខ្លាចតែយើងមិនធ្វើ មតិភាគតិចណាស់ដែលគេរិះគន់ពេលដែលយើងធ្វើ  តែមតិភាគច្រើនណាស់ដែលគេសរសើយើង  ដូច្នេះយើងត្រូវតែធ្វើតាមមតិភាគច្រើន  ធម្មតាធ្វើអីក៍ខុសដែរ  អ្នកលក់លើចិញ្ចើមផ្លូវគាត់មិនសប្បាយនៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់  ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនគាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀបរាបរយ   ដូច្នេះចាប់ពីពេលនេះទៅត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈបន្ថែមទៀត

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌក៍បានលើកឡើងពីសកម្មភាពការងាររបស់បងប្អូនដែលជាកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌដែលខិតខំប្រឹងប្រែងចុះរៀបចំសណ្តាប់តាមដងផ្លូវពិសេសគឺបងប្អូនបានចូលរួមសំអាតអនាម័យក្នុងមូលដ្ឋានខណ្ឌគួរឲ្យកោតសសើរខ្លាំងណាស់។មិនត្រឹមតែចុះធ្វើអនាម័យនិងរៀបចំសណ្តាប់ធ្នាប់ប៉ុណ្ណោះទេគឺបងប្អូនតែងចូលរួមចុះល្បាតការពារសន្តិសុខដោយសហការណ៍ជាមួយសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានទៀតផង៕ សណ្តោស


ចែករំលែក៖