ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីកាំកុងត្រូលដកហូត ឈាមជ្រូក លត និង អង្ករ ក្រោយរកឃើញមានសារធាតុបូរ៉ាក់

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលទាំង៨ ក្នុងរាជធានីភ្នំពេញ បានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារអូឡាពិក នឹងផ្សារច្បារអំពៅ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យផ្សារខាងលើនេះ មន្ត្រីជំនាញបានយកគំរូ៨៤ គំរូ បញ្ជូនមករថយន្តពិសោធន៍ចល័ត ដើម្បីរកនៅសារធាតុគីមីហាមឃាត់ដូចជា គ្រឿងសមុទ្រ គុយទាវតូចលត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រកត្រីងៀតគ្រប់មុខ និងត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។ ល។

មន្រ្តីជំនាញបន្តថា ជាលទ្ធផលបានរកឃើញសារធាតុបូរ៉ាក់នៅក្នុង ឈាមជ្រូក ១គីឡូក្រាម, លត១គីឡូក្រោម  និងអង្ករចំនួន ២គីឡូក្រាម ហើយចំពោះទំនិញទាំងអស់នេះត្រូវបានដកហូត យកមកបំផ្លាញចោលនៅនឹងកន្លែងទៅតាមនិតិវិធី។

ជាមួយគ្នានោះ លោកបានពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជាពិសេសសផ្តោតទៅលើ ម៉ាស់ ជែល អាលកុល នឹងផលិតផលម្ហូបអាហារសំខាន់ៗមួយចំនួនដែលដាក់តាំងលក់នៅលើទីផ្សារ រួមទាំងផលិតផលលក់តាម online ផងដែរដើម្បីស្វែងរកបទល្មើស ឈានទៅអនុវត្តវិធានការច្បាប់ ចំពោះជនខិលខូច ៕ស រស្មី


ចែករំលែក៖