ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្តកណ្តាលថ្មី ក្មេងតែខ្លឹម មានទំនួលខុសត្រូវ ទទួលសារគាំទ្រពីប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ហាក់មានការគាំទ្រពីប្រជាពលរដ្ឋតាមមូលដ្ឋាន ខណៈលោករហ័សរហួន បកស្រាយ រកដំណោះស្រាយ ទទួលយកនូវសំណូមពរ ការផ្តល់ដំណឹង ចរិកគ្មានភាពរើសអើង ការពារ បម្រើប្រជាពលរដ្ឋ ក្នុងនាមជាអ្នកអនុវត្តច្បាប់។

តាមរយៈការងារដឹកនាំ របស់លោក ធ្វើអោយប្រជាពលរដ្ឋសាទរស្នងការខេត្តកណ្ដាលថ្មី ដោះស្រាយបញ្ហាចម្ងល់ពលរដ្ឋរហ័សពាក់ព័ន្ធករណីល្បែងស៊ីសងនេះជាដើម។
ប្រជាពលរដ្ឋតាមមូលដ្ឋាននៅស្រុកកោះធំ ខេត្តកណ្តាល បានបង្ហោះសារសាទរ នៃការចូលខ្លួនដោះស្រាយដោយផ្ទាល់ និងទាន់ពេលវេលា ពីសំណាក់លោកស្នងការខេត្តកណ្ដាល ចំពោះបញ្ហាដែលពលរដ្ឋមានចម្ងល់លើនគរបាលស្រុកកោះធំម្នាក់ថា ចង់ស្គាល់អត្តសញ្ញាណជន ដែលរាយការណ៍ទៅសមត្ថកិច្ចអំពីករណីល្បែងស៊ីង។ ការសុំអត្តសញ្ញាណអ្នករាយការណ៍ទៅនេះ បានធ្វើឲ្យពលរដ្ឋរិះគន់ចំពោះនគរបាលរូបនោះ តែជាការឆ្លើយតបលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចូលខ្លួនដោះស្រាយភ្លាមៗ។
យោងតាមគណនីហ្វេសប៊ុកមួយ ឈ្មោះ Kunthea Nov បានបង្ហោះថា «ខ្ញុំមានចម្ងល់ចង់សួរទៅបងៗ Police ស្រុកកោះធំ ខេត្តកណ្តាល បើមានគេប្តឹងគឺត្រូវប្រាប់ឈ្មោះអ្នកប្តឹងឱ្យគេស្គាល់អញ្ចឹង (រឿងល្បែងស៊ីសង)»។
ជុំវិញករណីចម្ងល់នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាឱ្យមន្ត្រីជំនាញក្រោមឱវាទ ចុះពិនិត្យស្រាវជ្រាវ ក្រោមការតាមដានរបស់លោកផ្ទាល់ ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនគ្រប់គ្នា និងចង់សំអាតមន្ត្រីអសកម្មមួយចំនួនដែលខិលខូច ឬមិនចូលរួមបម្រើរាស្ត្រ។
បន្ទាប់ពីការចូលខ្លួនដោះស្រាយភ្លាម ពីសំណាក់លោកស្នងការខេត្តកណ្ដាល ម្ចាស់គណនី Facebook ឈ្មោះ Kunthea Nov ក៏បានសរសេរក្នុងន័យអរគុណ និងសាទរចំពោះការចូលខ្លួន ដោះស្រាយ បញ្ហាបានទាន់ពេលវេលា និងម៉ឺងម៉ាត់ របស់លោកស្នងការខេត្តកណ្ដាលផងដែរ។
ប្រជាពលរដ្ឋបានលើកឡើងថា៖ កម្រណាស់មាននាយនគរបាល បានគិតគូដល់កង្វល់ប្រជាពលរដ្ឋ និងគិតពីយុត្តិធម៍សង្គម នេះបានហៅថាស្នងការថ្មី ក្មេង តែខ្លឹម ប្រកបដោយចំណេះដឹង គុណធម៍៕សហការី


ចែករំលែក៖