ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ជញ្ជីងថ្លឹងរថយន្តមានជ័យនៅស្រុកស្នួល កំពុងត្រូវប៉ាន់

ចែករំលែក៖

 ខ្សឹបដាក់ត្រចៀក៖ បើទោះបីជាក្រសួងសាធារណការបញ្ជាដាច់ណាត់យ៉ាងណាក៏ដោយ ក៏មានការ យោគយល់ខ្លះចំពោះបញ្ហាដឹកលើសទម្ងន់ ដែលអាចអនុញ្ញាតឲ្យពួកមន្រ្តីនៅតាម ស្ថានីយថ្លឹងរថយន្តរស់បានយ៉ាងសុខស្រួល។ ក្នុងនោះស្ថានីយថ្លឹងរថយន្តមានជ័យ ក្នុងស្រុកស្នួលខេត្តក្រចេះ កំពុងត្រូវប៉ាន់យ៉ាងស្របច្បាប់។ ត្រូវប៉ាន់ក៏ព្រោះតែរថយន្ត ដឹកលើសទម្ងន់ ក៏ត្រូវបង់លុយ ហើយអ្នកមិនលើសទម្ងន់ក៏ត្រូវបង់។ លោក នូ សុវណ្ណា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ទទួលបន្ទុកជាប្រធានស្ថានីយថ្លឹងរថយន្តមានជ័យ កំពុងត្រូវប៉ាន់ យ៉ាងសម្បើម។
ប្រភពរាយការណ៍ថា រថយន្តដឹកដំឡូងលើសទម្ងន់ តែមួយតោន រហូតដល់៥តោន ត្រូវបង់៣ម៉ឺនរៀល។ ចំពោះរថយន្តធំៗដែលមិនលើសទម្ងន់ ក៏ត្រូវបង់បាយទឹកយ៉ាង ហោចណាស់ក៏២ម៉ឺនរៀលដែរ។ គ្មានទេរថយន្តដឹកលើសទម្ងន់រាប់សិបតោននោះ ប៉ុន្តែអាចលើសបានត្រឹម៥តោន។ គេរាយការណ៍ថារថយន្តដឹកលើសទម្ងន់ចាប់បី ១តោន ដល់៥តោន សុទ្ធតែត្រូវបង់ប្រាក់ឲ្យស្ថានីយថ្លឹងរថយន្ត៣ម៉ឺនរៀល ហើយ​រថយន្តធំៗដែលដឹកមិនលើសទម្ងន់ត្រូវបង់២ម៉ឺនរៀល សម្រាប់ឲ្យមន្រ្តីនៅតាម ស្ថានីយ គ្រាន់នឹងបានបាយទឹក។ មួយថ្ងៃៗរថយន្តធំៗ ទាំងលើសទម្ងន់ និងមិនលើស ទម្ងន់រាប់រយគ្រឿងឆ្លងកាត់ស្ថានីយថ្លឹងរថយន្តមានជ័យ ជាពិសេសរថយន្តដឹកដំឡូង និងរថយន្តដឹកទំនិញឆ្លងកាត់មកពីប្រទេសវៀតណាម។
គេរាយការណ៍លោក នូ សុវណ្ណា អនុប្រធានមន្ទីរសាធារណការ និងជាប្រធាន ស្ថានីយថ្លឹងទម្ងន់ខាងលើ ដោយមានការអនុញ្ញាតពីលោក សាំង ប៊ុនថេន ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ អាចរកចំណូលបានរាប់លានរៀលក្នុង មួយថ្ងៃៗ ដោយស្របច្បាប់។ ស្របច្បាប់ក៏ព្រោះថា រថយន្តធំៗដែលមិនលើសទម្ងន់ ក៏ត្រូវជូនសោហ៊ុយ ដល់ពួកមន្រ្តីនៅស្ថានីយថ្លឹងរថយន្តមានជ័យនោះដែរ។ ដូច្នេះវា ជាភាពស្របច្បាប់ដោយមិនបាច់ខ្វល់ ចំពោះការរិះគន់ទាំងឡាយនេះទៀតឡើយ។ ម្យ៉ាងទៀតវាជាគោលការណ៍របស់ក្រសួងសាធារណការ ឲ្យបិទភ្នែកខ្លះចំពោះរថយន្ត ដឹកលើសទម្ងន់ពី១តោន ដល់៥តោន។ ដូច្នេះអ្នកលើសទម្ងន់ពី១តោន ដល់៥ តោន ផ្តល់ភាពស្របច្បាប់ដល់ពួកមន្រ្តីនៅតាមស្ថានីយថ្លឹងរថយន្ត ជាពិសេសនៅស្ថានីយ ថ្លឹងរថយន្តមានជ័យ៕


ចែករំលែក៖