ខេត្តសៀមរាប៖ ភ្លើងឆេះព្រៃរាប់សិបហិកតាបានកើតឡើងនៅវេលាម៉ោង២និង១០នាទីរយប់ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២នឹង00នាទី រំលងអាធ្រាត្រចំណុច ព្រៃពូជគ្រញូងដាំឆ្នាំ២០១២ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ធ្វើឲ្យសមត្ថកិច្ចចម្រុះចុះទៅធ្វើអន្តរាគមន៍ ច្រើនម៉ោងទើបភ្លើងរលត់។
លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុក បន្ទាយស្រីបានឲ្យដឹងថា មានករណីភ្លើងឆេះព្រៃកើតឡើងនៅព្រៃពូជគ្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប នៅយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ហើយបន្ទាប់មកលោកបានដឹកនាំកម្លាំងចម្រុះចេញទៅពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់កម្លាំងសរុបចំនួន៤៣នាក់ រួមមាន នគរបាលបាលអធិការដ្ឋានស្រុកបន្ទាយស្រីចំនួន០៦នាក់ នគរបាលប៉ុស្តិ៍ឃុនរាម០២នាក់ នគរបាលស្រុកវ៉ារិនចំនួន ០២នាក់ រដ្ឋបាលស្រុកបន្ទាយស្រីចំនួន០២នាក់ ក្រុមប្រឹក្សាស្រុកចំនួន០២នាក់ រដ្ឋបាលព្រៃឈើនិងប្រជាជាពលរដ្ឋចំនួន២៩នាក់។
លោកអធិគារបន្ទថា ករណីភ្លើងឆេះព្រៃនេះសង្ស័យបងប្អូនប្រជាពលរដ្ឋក្នុងភូមិខាងលើបោះចោលភ្លើងកន្ទុយបារីចូលទៅលើស្មៅងាប់ស្ងួតទើបងាយមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅយ៉ាងនេះ។ តែទោះយ៉ាងណាការធ្វើអន្តរាគមន៍ដោយរថយន្តពន្លត់អគ្គិភ័យ និងកម្លាំងចម្រុះផងនោះត្រូវបានគ្រប់គ្រងនិងពន្លត់បានដោយជោគជ័យនៅ វេលាម៉ោង៩នឹង៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង និងបាញ់ទឹកអស់ចំនួន២ស៊ីទេន។
លោកអធិការបញ្ជាក់ថា ករណីភ្លើងឆេះព្រៃនេះ បានបណ្តាលឲ្យឆេះព្រៃគិតជាផ្ទៃដីសរុប ៥៨ហិកតា តែពុំបានបង្កឲ្យមានការខូចខាតប៉ះពាល់ដល់ ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនោះឡើយ ៕ សហការី