ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសខកចិត្តជាខ្លាំង ចំពោះមតិយោបល់របស់លោក W. Patrick Murphy ពាក់ព័ន្ធដំណើរការកាត់ក្តី លោក កឹម សុខា លើអធិបតេយ្យភាពតុលាការកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃ​ទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ចំនួន៤ចំណុច ឆ្លើយតប​មតិយោបល់របស់លោក W. Patrick Murphy ពាក់ព័ន្ធក្នុងដំណើរការកាត់ក្តី លោក កឹម សុខា នៅតុលាការកម្ពុជា ។

សេចក្តីថ្លែងការណ៍ទាំង៤ចំណុចរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិមានដូចខាងក្រោមនេះ ៖

១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងនូវការខកចិត្តជាខ្លាំងចំពោះមតិ

យោបល់របស់ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានលើកឡើងពាក់ព័ន្ធនឹងដំណើរការកាត់ក្តី លោក កឹម សុខា នៅសាលាដំបូងរាជធានី ភ្នំពេញកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០។

២-ការថ្លែងយោបល់បែបនេះ គឺជាការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជា ដែលជា ស្ថាប័នឯករាជ្យនិងដាច់ដោយឡែក ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងជាការបង្ហាញឲ្យឃើញពីឥរិយាបទគ្មានការទូត និងខ្វះការគោរពចំពោះអធិបតេយ្យរបស់កម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះ។

៣. យោងតាមបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ការបញ្ចេញយោបល់បែបនេះ គឺជាការរំលោភបំពានលើមាត្រាទី៤១ នៃអនុសញ្ញាទីក្រុងវីយ៉េន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត និងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលគ្រប់អ្នកការទូតតំណាងមកពីប្រទេសនានា ទោះបី ប្រទេសនោះជាប្រទេសធំ ឬតូច ត្រូវតែគោរពឲ្យបានពេញលេញ ។

លើសពីនេះ ការថ្លែងបែបនេះគឺជាការប្រព្រឹត្តផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងនូវការយោគយល់គ្នានិងការគោរពគ្នាទៅវិញទៅមក ក៏ដូចជា ការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ក្នុងពេលដែលប្រទេសទាំងពីរ កំពុងប្រារព្ធធ្វើពិធីអបអរសាទរខួបចំណងមិត្តភាព៧០ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំនេះ ៕ ដោយ ៖ ជាយក្រុង


ចែករំលែក៖