ព័ត៌មានទាន់ហេតុការណ៍៖

បេីករថយន្តច្រឡំជាន់ហ្គែថាហ្រ្វាំង​ ក៏ហោះឡេីងលេីសួននិងបុកចូលផ្ទះពលរដ្ឋ​ បណ្តាលឲ្យរងរបួស២នាក់

ចែករំលែក៖

 ភ្នំពេញ៖ បុរសម្នាក់សង្ស័យតែងងុយដេកមួយភាំងបានបើករថយន្តហោះឡើងសួនបុករះចូលផ្ទះអ្នកលក់គ្រឿងសំណង់​ និងបណ្ដាលឲ្យមនុស្ស២នាក់រងរបួស  កាលពីវេលាម៉ោង១១ថ្ងៃទី១៣ ខែមិនាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
​    អ្នក​បេីក​បរ​រថយន្ត​បង្ក​រ​មាន​ឈ្មោះ​ ចាន់​  រុង​ អាយុ​៣២ឆ្នាំ​ ស្នាក់នៅ​ម្តុំ​ពោធិ​ចិនតុង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។
​     តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៍ស​ ពាក់ស្លាកលេខ ភ្នំពេញ2AQ 0336បើកបរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន​ លុះដល់ចំនុចកើតហេតុខាងលើសង្ស័យអ្នកបើកបរងងុយដេកមួយភាំងបានរេចង្កូតបុកឡើងលើសួនច្បារចែកពុះទ្រូងផ្លូវផ្លោងប៉ះចំអ្នកជិះម៉ូតូ២នាក់បណ្តាលឲ្យរងរបួសស្រាល​ និងជ្រុលបុកចូលផ្ទះលក់គ្រឿងសំណង់រងការខូចខាតម៉ូតូ២គ្រឿទៀត​ រួមនិងសម្ភារះម្ចាស់ផ្ទះយ៉ាងដំណំ។
​     ភ្លាមៗនោះអ្នកបើកបរបានបើកទ្វាររត់យន្តចុះរត់គេចខ្លួនតែត្រូវបានម្ចាស់ផ្ទះដេញស្ទាក់ឃាត់ខ្លួនបានប្រគល់ឲ្យទៅសមត្ថកិច្ចយកទៅសាកសួនិងចាត់ការតាមនិតិវិធី។
​    នៅចំពោះមុខសមត្ថកិច្ចអ្នកបេីកបររថយន្តបានឆ្លេីយប្រាប់ថា​ រូបគេបេីករថយន្តគេចពីរថយន្តមួយគ្រឿងទៀតហេីយច្រឡំជាន់ហ្គែថាហ្វ្រាំងធ្វើឱ្យរថយន្តជ្រុលហោះឡេីងលេីសួននិងចូលផ្ទះបែបនេះ។
​    ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះធ្វេីការវាសវែងយករថយន្តបង្កយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖