ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានឃ្លាំងគ្រឿងសំណង់អត់ច្បាប់មួយកន្លែង ត្រូវអាជ្ញាធរខណ្ឌឬស្សីកែវ ចុះដកហូតសម្ភារៈ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីព្រមានដល់ម្ចាស់ការដ្ឋានឃ្លាំងគ្រឿងសំណង់អត់ច្បាប់មួយកន្លែង ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ អាជ្ញាធរខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ បានដឹកនាំកម្លាំងចុះដកហូតយកសម្ភារៈមួយចំនួន និងឲ្យម្ចាស់ទីតាំងសុំច្បាប់ត្រឹមត្រូវ មុខនឹងធ្វើការសាងសង់ ។

តាមប្រភពព័ត៍មានពីមន្រ្តីសាលាខណ្ឌឫស្សីកែវ បានឲ្យដឹងថា ការចុះដកហូតសម្ភារៈ និងឧបករណ៍បម្រើឱ្យការសាងសង់ខាងលើនេះ ដោយមានការអនុញ្ញាតពីលោកជា ពិសីអភិបាលខណ្ឌឫស្សីកែវ ក្រោយទទួលព័ត៍មានថា ការដ្ឋានឃ្លាំងគ្រឿងសំណង់មួយនេះបានសាងសង់ដោយពុំមានច្បាប់អនុញ្ញាតនោះទេ ។ ព្រោះកន្លងមក លោកអភិបាលខណ្ឌ បានចេញសេចក្តីជូនដំណឹងឲ្យម្ចាស់ផ្អាកការសាងសង់ ដោយណែនាំឲ្យសុំច្បាប់ តែម្ចាស់មិនស្តាប់តាមការណែនាំ នៅតែផ្គើននិងបន្តសាងសង់ដោយអត់ច្បាប់ ទើបអាជ្ញាធរសម្រេចចុះមកដកហូតសម្ភារៈតែម្តង ។

សម្ភារៈដកហូតរួមមាន៖ ម៉ូទ័រ១គ្រឿង , ដែកទីបចំនួន២២ដើម និងដែកចងចាក់សរសរចំនួន៤ត្រូវបានមន្រ្តីយកមករក្សាទុកសាលាខណ្ឌឬស្សីកែវ ជាការព្រមាន និងណែនាំឲ្យម្ចាស់សំណង់សុំច្បាប់ត្រឹមត្រូវ ទើបអនុញ្ញាតឲ្យសង់បន្ត ៕ស រស្មី


ចែករំលែក៖