អគ្គីភ័យឆេះឃ្លាំងស្តុកគ្រឿងសង្ហារឹមមួយកន្លែងយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២:៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ58P ឃ្លាំងលក់គ្រឿងសង្ហារឹមដុំ និងរាយ នៅភូមិដីថ្មី សង្កាត់គោកឃ្លៀងឃ្លាត ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្នែងខាងក្រោយឃ្លាំងដែលជារោងជាងកែច្នៃគ្រឿងសង្ហារឹម មួយសន្ទុះក្រោយមកក៏កើតជាអណ្តាភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់ ។ ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញចំនួន២០គ្រឿងបានចេញមកអន្តរាគមន៍បាញ់ពន្លត់ភ្លើង ដោយប្រើរយះពេលជិត១ម៉ោងទើបបាញ់ពន្លត់បានទាំងស្រុង និងប្រើប្រាស់អស់ទឹក២៥រថយន្ត។
សមត្ថកិច្ចបានឲ្យដឹងថា ចំពោះមូលហេតុដែលកើតមានអគ្គិភ័យនេះសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចំពោះសំភារៈខូចខាតរួមមានគ្រឿងសង្ហារឹមមួយចំនួនធំ និងឆេះរោងកែច្នៃគ្រឿងសង្ហារឹមមួយទាំងស្រុង ហើយនៅក្នុងហេតុការណ៍នេះមិនបង្កឲ្យមានអ្នករងរបួសនោះទេ៕ជ្រោយពេជ្រ