ភ្នំពេញ៖ តួឯកស្រីរឿង “ហ្លួងព្រះស្តេចកន” កញ្ញាឆុំ វត្តី បានបណ្តើរសង្សារបណ្តូលចិត្តលោករិទ្ធ ហួរ ចេញថតរូបថត Pre-Wedding នៅលើទឹកដីនៃខេត្តសៀរាបហើយ មុនពេលពិធីចូលរោងការជាផ្លូវការនៅដើមខែឧសភា ឆ្នាំ ២០២០នេះ។
ក្រោយស្វែងយល់ចិត្តគ្នាជិត៣ឆ្នាំ តារាស្រីស្រអែមស្រស់ វត្តី និងគូដណ្តឹង កាន់តែបង្កើនភាពផ្អែមល្ហែម និងយល់ចិត្តគ្នាកាន់តែខ្លាំង។ នាងតែបណ្តើរគូស្មេហ៍ដែលគេស្គាល់ថាជាកូនប្រុសថៅកែកុននោះចូលរួមស្ទើរគ្រប់កម្មវិធីតូចធំរបស់អ្នកសិល្បៈ។
ពួកគេគ្រោងចូលរោងការនៅថ្ងៃទី៤ ខែឧសភាខាងមុខដោយត្រៀមទាំងអញ្ជើញភ្ញៀវជាច្រើនចូលរួមពិសេសអ្នកក្នុងចង្កោមសិល្បៈផងដែរ។ តារាស្រីរូបនេះធ្លាប់ប្រកាសដែរថា នឹងនៅតែបន្តការងារសិល្បៈដដែលពិសេសការថតភាពយន្ត។ នាងថាកាន់តែមមាញឹកខ្លាំងព្រោះតែនាងនឹងជួយដល់ការងារក្នុងផលិតកម្មរបស់គ្រួសារខាងប្រុសផងដែរ។
ថ្មីៗនេះនាងថែមទាំងសរសើរទឹកចិត្តម្តាយឪពុកក្មេកថាជាមនុស្សល្អ និងតែងលើកទឹកចិត្ត អប់រំនាងថែមទៀតផង៕ ដោយ វឌ្ឍនា