ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយរវល់ កូននិងក្មួយនាំគ្នា ចុះងូតទឹករណ្តៅដីលង់ស្លាប់ពីរនាក់ នៅខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែការធ្វេរប្រហែសរបស់អាណាព្យាបាល ដែលបណ្ដែកបណ្ដោយឲ្យតូចៗលេងនៅក្បែរទីតាំងប្រឡាយទឹក រហូតក្មេងប្រុស២នាក់បងប្អូនជីដូនមួយ បាននាំគ្នាចុះងូតទឹកក្នុងរណ្តៅដីលេង បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម នៅខណ្ឌព្រែកព្នៅ ។

ហេតុការណ៍គួរឲ្យសង្វែកខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចរណ្តៅដីមានទឹកមួយកន្លែង ខាងកើតភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា សពក្មេងប្រុសទាំងទាំង២នាក់នេះ ៖ ទី១, មានឈ្មោះ ឆេង ភានិត អាយុ៧ឆ្នាំ មានឪពុកឈ្មោះ មឿង ឆេងអាយុ៣៥ឆ្នាំ មុខរបរកម្មករ និងម្តាយឈ្មោះ ឡូញ សារិន អាយុ ៣៦ឆ្នាំ មុខរបរកម្មការិនី ។និងទី២, ឈ្មោះ ស៊ុយ ប៊ុនថេង អាយុ ៦ឆ្នាំ មានឪពុកឈ្មោះ សាំង វុទ្ធី អាយុ ៣៣ឆ្នាំមុខរបរកម្មករ និងម្តាយឈ្មោះ មឿង សុខគា អាយុ ៣៧ឆ្នាំ មុខរបរកម្មការិនី ។ អ្នកទាំង២ស្នាក់នៅភូមិសំរោងកណ្ដាលសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

មន្រ្តីដដែលបន្តថា នៅមុនពេលកើតហេតុស្ត្រីជាម្តាយក្មេងរងគ្រោះឈ្មោះ ឆេង ភានិតបានបាត់កូន និងក្មួយ(ក្មេងរងគ្រោះទាំង២នាក់ខាងលើ) ក៏នាំគ្នាឆោឡោ ហើយបានប្រាប់បងប្អូនសាច់ញាតិជិតខាងឲ្យជួយរក ។ លុះមកដល់រណ្តៅដីមួយកន្លែងនៅខាងកើតភូមិ ក៏ប្រទះឃើញខោអាវនិងស្បែកជើងពីរគូរបស់ក្មេងទាំងពីរ ហើយក្រឡេកមើលទឹកក្នុងរណ្តៅដីនោះ ស្រាប់តែឃើញក្មេងរងគ្រោះម្នាក់ ក្នុងចំណោមក្មេងពីរនាក់អណ្តែតឡើង ក៏នាំគ្នាចុះស្រង់និងរាវរកក្មេងម្នាក់ទៀតឃើញជាបន្តបន្ទាប់ រួចយកសពក្មេងប្រុសមកផ្ទះ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យជាក់ស្តែង ។

ក្រោយកើតហេតុកម្លាំងជំនាញធ្វើកោសល្យវិច័យនិងត្រួតពិនិត្យសព បញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ធឿនព្រែកជ័យ

ចែករំលែក៖