ព័ត៌មានទាន់ហេតុការណ៍៖

ចោរញីឈ្មោល ឆ្កឹះសោទ្វាររបងផ្ទះពលរដ្ឋ លួចយកម៉ូតូបាន២គ្រឿង គេចខ្លួនជិត១០ម៉ោងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ភំ្នពេញ ៖ ចោរញីឈ្មោល២នាក់ បានធ្វើសកម្មភាពឆ្កឹះសោទ្វាររបងផ្ទះពលរដ្ឋ លួចយកម៉ូតូបានសម្រេចចំនួន២គ្រឿង កាលពីវេលាម៉ោង ១និង៥០នាទីរំលង អាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះលេខ ២៧ ផ្លូវ បេតុងលេខ៨៣ ភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយព្យាយាមគេចខ្លួនបានជិត១០ម៉ោង ក្រោយមកត្រូវកម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ បានកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៧ខែមីនា ឆ្នាំ២០២០  ។

យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ មៀច ថាវរ៉ា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។ និងទី២ឈ្មោះ នួនរស្មី ហៅ ស្រីពេជ្រ ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ លំភូមិ ព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)

ចំណែកជនរងគ្រោះឈ្មោះ ប៉ោ ឧត្តមចរិយា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅចំណុចកើតហេតុខាងលើ មុខរបរលក់ដូរ ។

វត្ថុតាងដកហូតបានពីជនសង្ស័យ ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាហ្ស៊ូមមឺរអ៊ិច ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 1FM 8728 (ជារបស់ជនរងគ្រោះ) និង ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ទឹកមាស (បិទស្កុតពណ៌ឈាមជ្រូក)  ពាក់ស្លាកលេខ ភ្នំពេញ 1GO 6776 ,ទូរស័ព្ទដៃចាស់ចំនួន ០២គ្រឿង, កាបូបដៃ០១, លុយខ្មែរចំនួន២០០០០រៀល ( ជារបស់ជនសង្ស័យឈ្មោះ មៀច ថាវរ៉ា) ។ សម្ភារបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាកហុង សេ១១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE 0752

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ មៀច ថាវរ៉ា , ឈ្មោះ នួន រស្មី កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ភារ៉ាដង្កោ


ចែករំលែក៖