ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋក្ដៅក្រហាយ ក្រុមហ៊ុនPhnom Penh Precost Plants ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាច់ចរន្តអគ្គិសនីទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែក្រុមហ៊ុន Phnom Penh Precost Plants ធ្វើការគ្មានបច្ចេកទេសត្រឹមត្រូវបានប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្បែរនោះនាំគ្នាខឹងសម្បារផងដែរ ។

ករណីអេស្កាវ៉ាទ័រកាយដីដាច់ចរន្តអគ្គិសនីខាងលើនេះ បានកើតឡើងកាលពីព្រឹក ថ្ងៃទី១៨ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីក្រុមការងារបច្ចេកទេសខាងអគ្គីសនីកម្ពុជា បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៩ (GS9-F8) មូលហេតុដោយសារក្រុមហ៊ុន Phnom Penh Precost Plants ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី ។ ភ្លាមនោះក្រុមការងារក៏បានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង ១០:៣០នាទីព្រឹក ។

ក្នុងហេតុការណ៍នោះដែរមន្រ្តីអគ្គីសនីក៏សូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គីសនី និងគ្រោះថ្នាក់ជាយថាហេតុ ៕ស រស្មី


ចែករំលែក៖