ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់ចាក់សម្លាប់សន្តិសុខCSCដូចគ្នា នៅធនាគារភ្នំពេញ ពាណិជ្ជ PPC BANK បានហើយ ព្រោះខឹងជនរងគ្រោះថា” អាញៀនថ្នាំ”

ចែករំលែក៖

ភ្នំពេញ៖ ពិតជា«ឈាមស្រែក ស្បែកហៅ»មែនទោះខំគេចខ្លួនដល់ជើងមេឃក៏មិនអាចគេចផុតពីទោសបានឡើយ ។ជាក់ស្តែងនៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវអស់រយះពេលជាង១០ម៉ោង រហូតឈានទៅដល់ការចាប់ខ្លួនជនដៃដល់ម្នាក់ ក្រោយរត់គេចខ្លួនទៅសំងំនៅក្នុងភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពចាក់សម្លាប់សន្តិសុខម្នាក់ក្រុមហ៊ុនឯកជនCSC នៅចំណុចធនាគារភ្នំពេញ ពាណិជ្ជ PPC Bank ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រោះតែរឿងជនរងគ្រោះហៅខ្លួនថា” អាញៀនថ្នាំ”  ។

លោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះថា៖ ជនសង្ស័យមានឈ្មោះ ឈី ប៊ុនណៃ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុន CSCទីលំនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកសពជនរងគ្រោះឈ្មោះ ប៊ុន សុខចំរើន អាយុ៤៤ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន CSC ទីលំនៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួល ផ្លូវលំភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ ។

លោកអធិការខណ្ឌបន្តថា៖ ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន និងកម្លាំងនគរបាលរដ្ឋបាលអាចារ្យលាក់ និងមានការសម្របសម្រួលដោយលោកស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់មនុស្សដោយចេតនា នៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២០ កើតហេតុនៅវេលាម៉ោង ០៦ និង៤០នាទីព្រឹក ក្នុងបរិវេណធនាគារភ្នំពេញពាណិជ្ជ ផ្លូវមុនីរ៉េតក្រុមទី ៣៩ ភូមិទី៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយជនសង្ស័យបានរត់មកខេត្តកំពង់ធំ ដើម្បីគេចខ្លួនពីការតាមចាប់ តែត្រូវកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបាន នៅវេលាម៉ោង១៧ និង១៥ នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២០ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិ ព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៦ និង៤០នាទីព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២០ មានករណីឃាតកម្មមួយបានកើតឡើង ដោយជនដៃដល់ឈ្មោះ ឈី ប៊ុនណៃ ព្រោះតែខឹងនិងជនរងគ្រោះហៅខ្លួនថា “អាញៀនថ្នាំ” បានប្រើកូនកាំបិតចិតបន្លែមកធ្វើសកម្មភាពចាក់ជនរងគ្រោះជាច្រើនកាំបិតចំពោះបណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម រួចជនដៃដល់បានជិះកង់របស់ខ្លួនគេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញកោសល្យវិច័យ បានយកសពទៅធ្វើកោសល្យវិច័យនៅវត្តស្ទឹងមានជ័យ និងប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញខេត្តកំពង់ធំ ប្រគល់ឲ្យនគរបាលខណ្ឌបឹងកេងកងនាំខ្លួនយកមករាជធានីភ្នំពេញវិញ ព្រោះជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖ ប៊ុនរិទ្ធី +ស រស្មី


ចែករំលែក៖