ព័ត៌មានទាន់ហេតុការណ៍៖

បង្កហិង្សាជាមួយប្រពន្ធ ចង់ឈ្នះចិត្តចាក់សាំងដុតផ្ទះឆេះម៉ត់

ចែករំលែក៖

ខេត្តព្រះវិហារ៖ ផ្ទះឈើមួយខ្នងបានក្លាយជាចំណីព្រះអគ្គីតែមួយប៉ប្រិចភ្នែក ដោយសារម្ចាស់ផ្ទះឈ្លោះនិងប្រើហិង្សាលើប្រពន្ធហើយទំនងចង់ឈ្នះចិត្តប្រពន្ធបុរសជាប្តីចាក់សាំងដុតផ្ទះឆេះអស់ខាននៅ ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះឈ្មោះ ស គង់ ស្ថិតក្នុងភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក ក្រុង-ខេត្តព្រះវិហារ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សេ ធី អាយុ ៤១ឆ្នាំ ត្រូវជាប្តីជាអ្នកដុត មានប្រពន្ធជាជនរងគ្រោះត្រូវជាប្រពន្ធឈ្មោះ នង គង់ អាយុ ៣៩ឆ្នាំ មុខរបរ លក់ដូរ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា អគ្គិភ័យបណ្តាលឲ្យការខូចខាត ផ្ទះចំនួន១ខ្នង ទំហំ៥គុណ១២ម៉ែត្រ ធ្វើអំពីឈើ លាយឥដ្ឋប្រក់ស័ង្កសី លុយរៀលប្រហែល ១០លាន ខ្សែកមាស១តម្លឹង ខ្សែដៃមាស៥ជីក្រវិលផ្លាកទីន១គូ គ្រែ០៣គ្រឿង ទូកញ្ចក់១គ្រឿង តុទឹកតែ១គ្រឿង កូនក្រឡឹង១០គ្រាប់ ទូរស័ព្ទ១គ្រឿង និងសម្ភារ:ផ្សេងៗមួយចំនួនទៀត។

ក្រោយកើតហេតុកម្លាំងនគរបាលក្រុងព្រះវិហារ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ទៅបាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១៥,០០០លីត្រ ទើបរលត់ជាស្ថាពរនៅ ៩និង៣០នាទីយប់ថ្ងៃដដែល។ ចំណែកបុរសជាប្តីដែលប្រើហិង្សាលើប្រពន្ធនិងជាអ្នកយកសាំងចាក់ដុតផ្ទះខ្លួនឯងឆេះម៉ត់នោះ ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារចាត់ការតាមច្បាប់ ខណៈប្រពន្ធជាជនរងគ្រោះបានត្រឹមតែស្រែកទ្រហោរយំស្តាយស្រណោះទ្រព្យប៉ុណ្ណោះ ៕សហការី


ចែករំលែក៖