ក្លិប Cardiff City បានបញ្ជាក់ពីការមរណភាពរបស់អតីតកីឡាករខ្សែបម្រើPeter Whittingham នៅវ័យ ៣៥ឆ្នាំ ដោយសារការដួលរបួសក្បាលកាលពីសប្ដាហ៍មុន ។
លោក Solskjaer គ្រូបង្វឹកក្លិបបិសាចក្រហមដែលបានចំណាយពេលជិត៩ខែធ្វើការជាមួយ ខ្សែររូបនេះបាននិយាយក្នុងគេហទំព័រផ្លូវការរបស់ក្លិបMan United ថា “ខ្ញុំតក់ស្លុតណាស់ដែលបានឮដំណឹងពីការលាចាកលោករបស់ Peter Whittingham។ Whittingham ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ និងជាពលរដ្ឋល្អម្នាក់ផងដែរ។ ខ្ញុំរីករាយនឹងធ្វើការជាមួយគេនៅក្លិប Cardiff City”។
គ្រូបង្វឹករូបនេះបានបន្តថា “ខ្ញុំស្ទើរតែមិនជឿថាគេចាកចេញទាំងវ័យក្មេងយ៉ាងនេះ។ ពួកយើងនឹងនឹកដល់គេជានិច្ច ហើយសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់គេផង ក្នុងពេលវេលាដ៏លំបាកមួយនេះ។ លោកជាកីឡាករមួយរូបដែលមានទេពកោសល្យ និងមានបច្ចេកទេសខ្ពស់ដែលខ្ញុំធ្លាប់ស្គាល់ ហើយលោកបានបន្សល់ទុកនូវដានជើងដ៏វែងអន្លាយមួយ។ ខ្ញុំមានមោទកភាពណាស់ដែលបានស្គាល់ និងធ្វើការរួមគ្នាជាមួយលោក ហើយខ្ញុំតែងតែនឹកឃើញការប្រកួតរវាងកីឡាករចាស់ៗនិងកីឡាករក្មេងៗ។ សូមឱ្យវិញ្ញាណខន្ធរបស់ Whittingham បានស្ងប់លោកលាចាកលោកនេះទាំងវ័យក្មេងពេកហើយ” ។
សូមបញ្ជាក់ថា កីឡាករ Peter Whittingham បានក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លិប Cardiff ដល់ទៅ ២លើក ហើយបានក្លាយជាកីឡាករឆ្នើមប្រចាំទសវត្សរ៍របស់ Football League ក្នុងអំឡុងឆ្នាំ២០០៥–២០១៥។អតីតខ្សែការពាររួបនេះធ្លាប់លេងឲ្យក្លិបមួយចំនួនដូចជាក្លិប Aston Villa, Burnley, Derby County និង Blackburn Rovers សម្រាប់អាជីព ១៥ឆ្នាំ ប៉ុន្តែពេលវេលាល្អបំផុតរបស់លោក គឺពេលវេលា ១០ឆ្នាំនៅក្លិបCardiff ៕ ដោយ៖ ភារៈ