ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ាននោះ! ចេញឆក់ទូរស័ព្ទម្នាក់ឯង មានអីជាប់ខ្នោះល្មម

ចែករំលែក៖

ភំ្នពេញ ៖ ជនសង្ស័យម្នាក់ ព្រោះតែចង់បានលុយចាយខ្លួនឯងមិនហៅបក្ខពួកចេញឆក់ជាមួយគ្នា ស្រាប់តែភ្លាត់ស្នៀត ត្រូវកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាង ក្របួចជាប់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទនារីម្នាក់ បានសម្រេចតែរត់មិនរួច ។

ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០  នៅចំណុចតាផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលប៉ុស្តិ៍គោកឃ្លាង បានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ឌឿន សាល ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច ពីនារីរងគ្រោះម្នាក់ឈ្មោះ គង់ រ៉ានី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ភូមិច្រេស សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ ហើយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងល្បាតឃើញហេតុការណ៍នេះ ក៏ចេញអន្តរាគមន៍ដេញតាមក្របួចបានភ្លាមៗ ។ ចំណែកសម្ភារបាត់បង់ គ្មាន ។

សម្ភារបន្សល់ទុក ៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាករៀលមី ប្រគល់ឲ្យជនរងគ្រោះវិញ , ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៍ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HW-8931 (របស់ជនសង្ស័យ) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ចន្ទ លីហ្សា


ចែករំលែក៖