ខេត្តព្រះវិហារ ៖ ជនល្មើសហាក់ដូចជាសប្បាយចិត្ត ហើយបានឆ្លៀតឱកាសលួចកាប់ឈើ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ យ៉ាងត្រជាក់ចិត្ត ខណៈដែលប្រទេសកម្ពុជាកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បង្កឡើងដោយវីរុសកូវីដ-១៩ នោះ ។
បើតាមតាមហ្វេសប៊ុកលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ មីនា ឆ្នាំ២០២០ នេះថា ដោយមានការស្នើសុំពី ខាងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជូនកម្លាំងចម្រុះរួមមាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុកឆែប ចុះបង្ក្រាបការកាប់ឈើខុសច្បាប់ ជាច្រើនកន្លែង នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ។
ប្រភពពីក្រុមបង្រ្កាបបានឲ្យដឹងថា គ្រាដែលសមត្ថកិច្ចចម្រុះចុះទៅដល់ទីតាំងខាងលើ ក្រុមកាប់បំផ្លាញព្រៃឈើ បានរត់គេចខ្លួនបាត់អស់ នៅតែដើមឈើធំៗដែលគេកាប់ផ្តួលរំលំនិងអារជាបន្ទះៗប៉ុណ្ណោះ ។
ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតឡើង ដោយព្រះរាជក្រិត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ។ ឧទ្យាននេះមានតំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើន រួមមាន ធនធានព្រៃឈើ ពូជឈើគ្រប់ប្រភេទដោយប្រើរយៈពេល៦ឆ្នាំ ដាំឲ្យបាន ១លានដើម, សត្វព្រៃកេរដំណែលប្រវត្តិសាស្ត្របុរាណវត្ថុ និងជាតិពន្ធុ ដែលអាចបម្រើឲ្យមុខងារក្នុងបរិស្ថាន ព្រៃឈើវប្បធម៌ប្រវត្តិសាស្ត្រនិងទេសចរណ៍យ៉ាងប្រសើរ ។
ក្នុងករណីនេះអង្គភាពកាសែតនគរវត្តមិនអាចសុំការបំភ្លឺពីស្ថាប័ន មេព្រៃ នៅស្រុកឆែប ខេត្តព្រះវិហារ បានទេ ដោយគ្មានលេខទូរស័ព្ទទាក់ទង ៕ សហការី