ភ្នំពេញ៖ គិតទៅវាសនាមនុស្សមិនដូចគ្នាមែន ចឹងហើយបានពាក្យចាស់បុរាណលោកលើកឡើងថា៖ គេអាចប្រណាំង ម៉ូតូ ឡាន កាណូត ទូក កប៉ាល់ កង់ សុីក្លូ យន្តហោះ បាន តែគេមិនអាចប្រណាំងនឹងវាសនាខ្លួនឯងបានទេ។ ជាក់ស្តែង អ្នកឧកញ៉ា គិត ធាង គាត់ជាមនុស្សមានសំណាងបំផុត ជាប់ចោទក្នុងបទល្មើសគ្រឿងញៀនជិត៥០គីឡូក្រាម ទីបំផុតត្រូវតុលាការប្រកាសសាលក្រមផ្តន្ទាទោសត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ ។
មជ្ឈដ្ឋានពីប្រជាពលរដ្ឋទូទៅ បានសសើរ អ្នកឧកញ៉ា គិត ធាង មានវាសនាខ្ពស់ជាងអ្នកជាប់ចោទផ្សេងៗ សូម្បីតែ ក្នុងដំណាក់ការឃុំខ្លួនបណ្តោះអាសន្ន គាត់ក៏មានឱកាសមកសម្រាកគេងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត យ៉ាងសុខស្រួល ក្រោមហេតុផលមានជំងឺថប់ដង្ហើម និង ជំងឺសួត។ ខុសពីអ្នកជាប់ចោទជាច្រើន ពាក់ព័ន្ធសារធាតុញៀន ត្រឹម១កញ្ចប់ ២កញ្ចប់ ត្រូវជាប់ឃុំក្នុងពន្ធនាគារច្រើនខែ និងត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររាប់សិបឆ្នាំ។ និយាយរួមទៅអ្នកជាប់ចោទដែលខ្វះធនធាន ពិតណាស់មិនមានឱកាសបានទៅគេងនៅមន្ទីរពេទ្យ ដូចអ្នកឧកញ៉ា គិត ធាង ឡើយ។ ផ្ទុយទៅវិញគេតែងសង្កេតឃើញពីតថភាពផ្ទាល់ក្នុងសង្គមបច្ចប្បន្ន ភាគច្រើននៃអ្នកប្រព្រឹត្តបទល្មើស ជាប់ចោទ ជាប់ឃុំ ដែលជាអ្នកមានធនធានទ្រព្យសម្បត្តិ តែងតែលើកផលពីបញ្ហាជំងឺ និងបានទៅគេងនៅមន្ទីរពេទ្យ ដូចជាអ្នកឧញ៉ា គិត ធាង , ឧកញ៉ា ថោង សារ៉ាត់, វីន សុក្របញ្ញាដែលបាញ់ក្នុងក្លឹបលុច្សសារី។ល។
ពួកគេរស់នៅក្នុងសង្គម មានវាសនា មានឱកាសរកសុី ធ្វើមានបានហើយ សូម្បីតែប្រព្រឹត្តបទល្មើសក៏នៅមានវាសនាខ្ពស់ដដែល។
សូមរម្លឹកថា៖ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកឧកញ៉ា គិត ធាង ដាក់ពន្ធនាគារប៉េហ្ស៊ីជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ពីបទសម្រួលឲ្យមាន ការប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ តាមមាត្រាមាត្រា៤៤ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
មាត្រា៤៤ កថាខណ្ឌទី២ ច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀនឆ្នាំចែងថា អំពើជួលទីកន្លែង ផ្តល់ទីកន្លែង ឬ អំពើផ្សេងទៀត បង្កលក្ខណៈងាយស្រួល ដល់ការប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន គឺជាបទសម្រួល ឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២០លានរៀល ។
កាលនោះមជ្ឈដ្ឋានជាច្រើនសង្ឃឹមថា ការអនុវត្តច្បាប់ទៅលេីអ្នកប្រព្រឹត្តបទល្មើស នឹងមានស្មេីភាពគ្នា ដេីម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា និងបំបាត់នូវនិទណ្ឌភាព។ តែទីបំផុតតុលាការមានចិត្តសន្តោសប្រណី បន្ធូបន្ថយសម្រាលទោសទណ្ឌដល់ អ្នកឧកញ៉ា គិត ធាង ប្រកាសផ្តន្ទាទោស៤ឆ្នាំប៉ុណ្ណោះ លើសំណុំរឿងគ្រឿងញៀនជិត៥០គីឡូក្រាម ។
សូមបញ្ជាក់ថា៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៅព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០នេះ ដោយផ្តន្ទាទោស អ្នកឧកញ៉ា គិត ធាង ម្ចាស់ក្លឹប Rock ឲ្យជាប់ពន្ធនាគាររយៈ ពេល៤ឆ្នាំ ក្រោម បទ ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទ សមគំនិត។ ចំណែកមនុស្សទាំង២៤នាក់នោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចាប់១ឆ្នាំ ទៅដល់ ៤ឆ្នាំ។ ឯមនុស្ស២នាក់ទៀត ដែលពាក់ព័ន្ធនឹងលោក គិត ធាង ដែរនោះ ត្រូវបានលើកលែងការចោទប្រកាន់។ ចៅក្រមជម្រៈក្តីក្នុងសំណុំរឿងគ្រឿងញៀនជិត៥០គីឡូក្រាម លើជនជាប់ចោទ អ្នកឧកញ៉ា គិត ធាង គឺចៅក្រម អុឹម វណ្ណៈ ។ ដោយឡែកតំណាងអយ្យការ មិនត្រូវគេបញ្ជាក់ប្រាប់នៅឡើយទេ ដោយលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការមិនអាចទំនាក់ទំនងសុំការបំភ្លឺបាន ខណៈទូរស័ព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែគ្រាន់តែដឹងថា ព្រះរាជអាជ្ញារង ក្នុងរឿងក្តីនេះទើបនឹងផ្លាស់មកពីសាលាដំបូងខេត្តសៀមរាប។
សូមបញ្ជាក់ថា៖ ករណីអ្នកឧកញ៉ា គិត ធាង ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជិត៥០គីឡូក្រាម កុំថាឡើយដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រុញអោយសមត្ថកិច្ចយកចិត្តទុកដាក់ស្រាវជ្រាវរកជនពាក់ព័ន្ធមកផ្តន្ទាទោសអោយខានតែបានប៉ុណ្ណោះទេ សូម្បីតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាអោយចាប់មេក្លោង គឺអ្នកឧកញ៉ា គិត ធាង ហើយ ក៏បានស្នើអោយស្ថាប័នតុលាការ ពង្រឹងផ្នែកច្បាប់លើបទល្មើសនេះ និងមិនត្រូវខ្លាចអ្នកអន្តរាគមន៍ឡើយ។ អ្នកណាប្រព្រឹត្ត អ្នកនោះទទួលទោសទណ្ឌ។
ទីបំផុតអ្នកឧកញ៉ា គិត ធាង កំពូលមនុស្សដ៏មានសំណាង បទល្មើសគ្រឿងញៀនជិត៥០គីឡូក្រាម តុលាការផ្តន្ទាទោសត្រឹម៤ ឆ្នាំតែប៉ុណ្ណោះ..! ហើយតុលាការវិញមាន គុណធម៍ ចិត្តសន្តោសនោះទៀតផង៕ ដោយ៖សុខខេមរា